រថយន្តដឹកទំនិញថៃជាច្រើនគ្រឿងបានឈប់កកកុញត្រឹមព្រំដែន បន្ទាប់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសបិទច្រកទ្វារអន្តរជាតិដូងដែលថៃហៅថា បានឡែម នៅក្នុងខេត្តបាត់ដំបងទាំងស្រុងចាប់ពីថ្ងៃទី១៣ ខែមិថុនានេះ រហូតទាល់តែមានការជូនដំណឹងជាថ្មី។
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានបង្ហោះសារលើហ្វេសប៊ុកប្រកាសគាំទ្រចំណាត់ការរដ្ឋាភិបាល ដោយអះអាងថា ប្រទេសថៃបានដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃៗ ឆ្លងកាត់តាមច្រកព្រំដែននេះ ទៅកាន់ប្រទេសវៀតណាម។ លោកបានបន្តថា ការឈប់ទិញអ៊ឺនធឺណិត អគ្គីសនី ការឈប់ចាក់បញ្ចាំងភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា និងការបិទច្រកព្រំដែនមួយកន្លែងនៅពេលនេះ ជាការវាយបកចំណុចតូចៗ ប៉ុណ្ណោះទៅលើភាគីថៃ ហើយលោកបានជំរុញឱ្យកសិករថៃទៅតវ៉ាជាមួយពួកយោធា ដែលបានសម្រេចបិទច្រកព្រំដែនជាច្រើនជាមួយកម្ពុជាដោយឯកតោភាគីនាពេលកន្លងមក។
លោក ហ៊ុន សែន បានលើកឡើងទៀតថា ក្នុងនាមជាប្រធានគណបក្សកាន់អំណាច លោកបានណែនាំទៅរដ្ឋាភិបាលឱ្យចាត់វិធានការបន្ថែមទៀត ប្រសិនបើភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី។
វិធានការបន្ថែមទាំងនោះ រួមមានការប្រកាសឈប់ទិញទំនិញពីប្រទេសថៃឈប់ ឱ្យពលរដ្ឋចេញទៅព្យាបាលជំងឺនៅប្រទេសថៃ ត្រៀមទទួលពលករខ្មែរនៅប្រទេសថៃឱ្យវិលមករកការងារធ្វើនៅក្នុងប្រទេសវិញ ប្រសិនបើរងការបណ្ដេញចេញឬការប្រមាថយ៉ាងធ្ងន់ធ្ងរពីជនជាតិថៃបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមប្រយុទ្ធវាយបក២៤ម៉ោងក្នុងករណីមានការឈ្លានពាន និងឱ្យអភិបាលខេត្តតាមព្រំដែនត្រៀមជម្លៀសពលរដ្ឋ។
ក្រៅពីនេះ សូម្បីវិស័យកីឡាប្រដាល់ក៏មិនអនុញ្ញាតឱ្យកីឡាករថៃមកប្រកួតនៅកម្ពុជាដែរ។ សេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចុះថ្ងៃទី១៣ ខែមិថុនា ប្រាប់ទៅម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូថា ចាប់ពីថ្ងៃទី១៣ ខែមិថុនា តទៅត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃនៅគ្រប់ស្ថាននីយនិងសង្វៀននានារហូតដល់មានការជូនដំណឹងជាថ្មី។
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានបញ្ជាក់ថា ការចាត់វិធានការរបស់កម្ពុជានៅពេលនេះ ដោយសារកន្លងមក ក្រុមជ្រុលនិយមថៃ និងយោធាថៃ បានធ្វើឱ្យជម្លោះនៅព្រំដែនរីករាលដាលដល់វិស័យផ្សេងៗ ក្នុងនោះ បានសម្រេចបិទព្រំដែន បន្ថយចំនួនថ្ងៃស្នាក់នៅសម្រាប់ពលរដ្ឋខ្មែរ រាយបន្លាលួសតាមច្រកព្រំដែន តាមអំពើចិត្ត រួមទាំងគំរាមកាត់ផ្ដាច់ការផ្គត់ផ្គង់ភ្លើង អ៊ីនធឺណិតតាមតំបន់ព្រំដែននៅក្នុងទឹកដីកម្ពុជា។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបង្ហោះលើហ្វេសប៊ុកថា ក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជាបានបញ្ចប់ការទិញអ៊ីនធឺណិតពីប្រទេសថៃ តាំងចាប់ពីម៉ោង១២យប់អាធ្រាត្រថ្ងៃទី១៣ខែមិថុនា ដោយសារកម្ពុជាមានសមត្ថភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង ដោយមិនចាំបាច់ពឹងលើប្រទេសថៃទៀតដែរ។
លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាឲ្យក្រសួងស្ថាប័នដទៃទៀត ពិនិត្យនិងត្រៀមលក្ខណៈជាយថាហេតុ ប្រសិនបើមានការគំរាមកំហែងកាត់ផ្ដាច់ឬបិទអ្វីផ្សេងពីប្រទេសថៃ។
សារព័ត៌មានថៃ Khaosod English បានចុះផ្សាយនៅថ្ងៃទី១៣ ខែមិថុនាថា នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានលើកឡើងថា កម្ពុជាអាចមានការយល់ច្រឡំថា រដ្ឋាភិបាលថៃនឹងអាចកាត់ផ្ដាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដល់តំបន់ព្រំដែនរបស់កម្ពុជា ហើយអ្នកស្រីបានណែនាំឱ្យរដ្ឋមន្ត្រីការបរទេសថៃទាក់ទងមកកម្ពុជា ដើម្បីពន្យល់រឿងនេះ។
ជុំវិញបញ្ហានេះ ពលករខ្មែរមួយចំនួនធ្វើការនៅថៃសម្រុកត្រឡប់មកកម្ពុជាវិញ។ ពលករខ្មែរធ្វើការនៅខេត្តរាក់យ៉ង ថ្លែងសុំមិនបញ្ចេញឈ្មោះប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៣ មិថុនាថា ពលករត្រឡប់ទៅកម្ពុជានៅពេលនេះ ដោយសារព្រួយបារម្ភពីសុវត្ថិភាព និងមានការរើសអើងពីជនជាតិថៃ នៅកន្លែងពួកគាត់ធ្វើការ។ ទោះជាយ៉ាងណា លោកថា ពលករខ្មែរនៅតំបន់គាត់ភាគច្រើន មិនទាន់ត្រឡប់ទៅកម្ពុជានៅឡើយទេ ដោយរង់ចាំការប្រជុំរបស់គណៈកម្មការព្រំដែនចម្រុះកម្ពុជានិងថៃ នៅថ្ងៃទី១៤ មិថុនានៅកម្ពុជាសិន។ ពលកររូបនេះបន្តថា ប្រសិនបើស្ថានការណ៍បន្តតឹងតែងពួកគាត់នឹងត្រឡប់ទៅកម្ពុជាវិញ ក្នុងពេលឆាប់ៗ។
មានគេសួរថា ម៉េចអត់ទាន់ទៅផ្ទះទៀត? ជនជាតិថៃគេសួរខ្ញុំអីចឹង។ ខ្ញុំថា មានអីត្រូវទៅផ្ទះបង គេថាខ្មែរឈ្លោះជាមួយថៃ អ្នកខ្លះគេនិយាយពួកអ្នកឯងចង់បានតែដីអញ ចង់បានតែប្រាសាទអញអ៊ីចឹង គេនិយាយបញ្ឈឺឱ្យយើងតបត តែដោយសារយើងមករកស៊ីនៅក្នុងប្រទេសគេ យើងអត់ហ៊ានតបតទេបង។ ប៉ុន្តែគ្រាន់តែយើងគិតក្នុងចិត្តថា ប្រទេសខ្ញុំមិនមែនឈ្លានពានអ្នកណាទេ មានតែអ្នកឯងទេឈ្លានពានខ្ញុំ។
— ពលករសុំមិនបញ្ចេញឈ្មោះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរចុងក្រោយរបស់ខ្លួនដដែលថា កម្ពុជានឹងមិនបោះបង់ចោលការសម្រេចចិត្ត ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិនោះទេ ហើយក្នុងករណីចាំបាច់ កម្ពុជានឹងដាក់បញ្ចូលតំបន់ព្រំដែនមានជម្លោះផ្សេងទៀត ដើម្បីប្ដឹងទៅតុលាការអន្តរជាតិ។
ភាពតានតឹងនៃរវាងកម្ពុជា-ថៃ នៅពេលនេះ ខណៈភាគីទាំងពីរនឹងជួបគ្នាលើទឹកដីកម្ពុជានៅក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះនៅថ្ងៃទី១៤មិថុនា ខណៈភាគីថៃ បញ្ជូនត្រឹមទីប្រឹក្សាក្រសួងការបរទេស និងជាអតីតឯកអគ្គរាជទូតថៃប្រចាំកម្ពុជាមកចូលរួម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។