នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី១២ខែមិថុនា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឡើងថា ប្រធានាធិបតីបារាំងលោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) បានសន្យាជួយសម្របសម្រួលផ្ដល់ឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា នៅក្នុងជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ខែមិថុនា អំឡុងលោក ហ៊ុន ម៉ាណែត ទៅចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣(UNOC3) នៅក្នុងទីក្រុងនីស (Nice) ប្រទេសបារាំង (France)។
ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានថ្លែងបញ្ជាក់ថា បារាំងអាចជួយសម្របសម្រួលជាអាថ៌ តាមរយៈការផ្ដល់ឯកសារ។ ឯកសារនេះ ឯកសារនោះ ដល់ភាគីទាំងពីរ ដល់ថៃផង ដល់កម្ពុជាផង ប្រសិនបើមានការចាំបាច់។
— លោក តាន់ ហ្សង់ហ្វ្រង់ស័រ
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឡើងទៀតថា ការថ្លែងរបស់ប្រធានាធិបតីបារាំងនៅក្នុងជំនួបនោះ ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ស្ដីពីជំហររបស់កម្ពុជា ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ។
លោកបានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បានប្រាប់មេដឹកនាំបារាំងថា កម្ពុជាបន្តប្រកាន់ភ្ជាប់នូវសន្ដិភាព ដើម្បីបន្តដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ក្នុងនោះទាំងការសម្រេចដាក់តំបន់ជម្លោះចំនួន៤ គឺប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយបញ្ហាព្រំដែនក្រៅពីតំបន់ទាំង៤នោះ គឺកម្ពុជានឹងបន្តដោះស្រាយតាមយន្តការទ្វេភាគីដែលមានស្រាប់ ដូចជាតាមរយៈ គណៈកម្មការព្រំដែនចម្រុះ (JBC) ជាដើម។
ជុំវិញបញ្ហានេះ អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានលើកឡើងថា ជារឿងល្អដែលមេដឹកនាំបារាំងបានសន្យាបែបនេះ។ លោកក៏បានជំរុញទៅរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវស្នើទៅភាគីបារាំង ឱ្យជួយផ្ដល់ឯកសារស្ដីពីសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤និងឆ្នាំ១៩០៧ រួមទាំងផែនទីដើមចំនួន១១ផ្ទាំងនៃសន្ធិសញ្ញានេះ ដែលកំពុងតង្កល់ទុកនៅក្នុងសារមន្ទីរមួយនៅទីក្រុងប៉ារីស(Paris) ពីព្រោះជាឯកសារទាំងនោះ មានតម្លៃសម្រាប់ប្រើប្រាស់បោះបង្គោលព្រំដែនជាមួយប្រទេសថៃ និងសម្រាប់ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។
ហើយម្យ៉ាងទៀត កម្ពុជាគួរតែស្នើសុំជំនួយពីភាគីបារាំង គឺជំនួយអ្នកបច្ចេកទេសបារាំង (ជំនាញ) ទៅលើព្រំដែននិងផែនទីទាំងហ្នឹង ដើម្បីឱ្យអ្នកបច្ចេកទេសបារាំងហ្នឹងបញ្ជូនមកស្រុកខ្មែរ ដើម្បីកំណត់ពីលើផែនទីជាក់ស្ដែង ទៅលើដីជាក់ស្ដែង ថាតើបង្គោលព្រំដែននៅកន្លែងឱ្យពិតប្រាកដ។
— លោក អ៊ុំ សំអាន
ចំណែកអ្នកសិក្សាបញ្ហាសង្គមនិងនយោបាយលោក ប៉ោ មករា បានមើលឃើញថា ឯកសារពាក់ព័ន្ធនឹងព្រំដែនតម្កល់នៅប្រទេសបារាំង គឺឯកសារសំខាន់សម្រាប់កម្ពុជា ប៉ុន្តែលោកថា រដ្ឋាភិបាលកម្ពុជា គួរតែបង្កើតគណៈកម្មការថ្មីមួយ ដែលអាចមានជំនាញខាងស្រាវជ្រាវឯកសារ ដើម្បីជួយឱ្យការងាររបស់គណៈកម្មការព្រំដែនកាន់តែមានសុក្រឹតភាព។
ពីព្រោះតួនាទី ពាក់ព័ន្ធនឹងអ្នកស្រាវជ្រាវ ឬអ្នកពង្រឹងផ្នែកឯកសារ ផ្នែកច្បាប់ ផ្នែកប្រវត្តិសាស្ដ្រ វាជួយទៅដល់គណៈកម្មការព្រំដែនមួយកម្រិតទៀត ដើម្បីឱ្យមានសុក្រិតភាព ដើម្បីឱ្យមានភាពច្បាស់លាស់ ឬភាពគតិយុត្តិ។
— លោក ប៉ោ មករា
កាលពីថ្ងៃទី១០មិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសេចក្ដីសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។ គណៈកម្មការនោះ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក ប្រាក់ សុខុន និងមានរដ្ឋមន្ត្រីមួយចំនួនទៀតជាអនុប្រធាននិងជាសមាជិក។
រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ដំណើរការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នឹងមិនថយក្រោយឡើយ បើទោះបីជាភាគីប្រទេសថៃបង្ហាញជំហរ មិនចូលរួមប្ដឹងក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។