រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ជាក់ក្នុងលិខិតចុះថ្ងៃទី១០មិថុនាដោយបញ្ជាឱ្យអាជ្ញាធរថ្នាក់ក្រោមត្រៀមមន្ត្រីនិងកងកម្លាំងប្រចាំការ២៤ម៉ោង ដើម្បីតាមដាននិងរាយការណ៍អំពីស្ថានការណ៍ព្រំដែននៅតំបន់ដែលខ្លួនគ្រប់គ្រងឱ្យបានជាប្រចាំ។ ក្រសួងក៏បញ្ជាឱ្យអាជ្ញាធរត្រៀមស្បៀងអាហារ មធ្យោបាយដឹកជញ្ជូន ថ្នាំព្យាបាល រោគ ទឹកស្អាត និងភ្លើងអគ្គិសនី ជាដើម។ បន្ថែមពីនេះអាជ្ញាធរត្រូវសម្របសម្រួលជាមួយអាជ្ញាធរថៃក្នុងការគ្រប់គ្រងការចេញចូលព្រំដែនឱ្យបានជាប់លាប់។
ពលការិនីខ្មែរធ្វើការនៅប្រទេសថៃម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០មិថុនាថា គ្រួសារលោកស្រីមានគ្នា៤នាក់និងពលករខ្មែរមួយចំនួនទៀតនៅតំបន់គាត់ធ្វើការ បានតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានការណ៍ព្រំដែន។ ពលរដ្ឋមានស្រុកកំណើតនៅខេត្តបាត់ដំបងរូបនេះបន្ថែមថា ពួកគាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីត្រឡប់មកកម្ពុជាវិញ ប្រសិនបើមានការផ្ទុះអាវុធនៅតំបន់ព្រំដែន។
យើងត្រៀមលេខឡានទុកឱ្យហើយ ភ័យត្រង់ថា ភាគច្រើនឥឡូវដូចថាតាំងពីមានបញ្ហាព្រំដែនមកថៃវាខុសប្រហែល៨០ភាគរយពីមុខ។កាលពីមុខមានជម្លោះភាគច្រើនគេស្រលាញ់ខ្មែរយើងគេចូលចិត្តខ្មែរយើង តែឥឡូវអត់ទេ បើមិនចាំបាច់គេមិននិយាយ ដូចថាគេមិនពេញចិត្តយើងមកធ្វើការនៅប្រទេសគេយើងជាខ្មែរ។
— ពលករសុំមិនបញ្ចេញឈ្មោះ
កាលពីថ្ងៃទី២៨ឧសភាកងទ័ពកម្ពុជានិងថៃបានផ្ទុះអាវុធដាក់គ្នានៅតំបន់ព្រំដែនប្រទេសទាំងពីរបណ្ដាលឱ្យស្លាប់ទាហានខ្មែរម្នាក់ ហើយប្រទេសទាំងពីរបានបញ្ជូនកងទ័ពនិងអាវុធធន់ធ្ងន់ទៅប្រចាំការនៅតំបន់មានជម្លោះ។
មន្ត្រីគម្រោងនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន មានប្រសាសន៍ថា បច្ចុប្បន្នមានពលករខ្មែរធ្វើការនៅតំបន់ព្រំដែនជាប់កម្ពុជាបានធ្វើមាតុភូមិនិវត្តន៍បណ្ដើរៗហើយ ចំណែកឯពលករដែលធ្វើការនៅខេត្តជាប់ទីក្រុងបាងកកនិងតំបន់ផ្សេងទៀតមិនទាន់ត្រឡប់ទៅកម្ពុជាវិញនៅឡើយទេ។
អ៊ីចឹង ពួកគាត់មានការព្រួយបារម្ភនិងភ័យខ្លាចបានគាត់ទៅខ្មែរ។ ហើយមួយទៀត ពលរដ្ឋដែលធ្វើការតាមរដូវកាលដូចជាមកចៀរជ័រកៅស៊ូ និងមកបេះផ្លែឈើជាដើម។ ខ្ញុំឃើញពលរដ្ឋនៅតាមព្រំដែនគាត់មានការភ័យខ្លាចពីសុវត្ថិភាពក្នុងការរស់នៅតាមតំបន់ដែលគាត់ធ្វើការ។
— លោក លឹង សុផុន
របាយការណ៍របស់អង្គការសង់ត្រាល់ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរជាង២លាននាក់ធ្វើការនៅប្រទេសថៃ។
មន្ត្រីធ្វើការងារផ្នែកជួយដល់ពលករខ្មែរលោក លឹង សុផុន លើកឡើងថា ក្នុងស្ថានការណ៍បែបនេះរដ្ឋាភិបាលគួរតែត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងស្បៀងអាហារនិងទីជម្រកស្នាក់នៅបណ្ដោះអាសន្ន ដើម្បីជម្លៀសពលរដ្ឋឱ្យបានទាន់ពេលវេលា បញ្ចៀសការកកស្ទះបង្កការលំបាកដល់ពលរដ្ឋដូចកាលពីឆ្នាំ២០១៤ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។