ការចរចារឿងពន្ធកម្ពុជានិងអាមេរិកជុំទី២បន្តគ្មានលទ្ធផល ខណៈភាគីទាំងនឹងចរចាជុំទី៣ទៀត

អ្នកឃ្លាំមើលលើកឡើងថា មូលហេតុដែលកម្ពុជាបានបរាជ័យក្នុងការចរចាបញ្ហាពន្ធលើការនាំទំនិញទៅលក់នៅសហរដ្ឋអាមេរិកម្ដងហើយម្ដងទៀតនេះ ដោយសាររដ្ឋាភិបាលមិនងាកមកដើរតាមគន្លងប្រជាធិបតេយ្យ និងមិនដោះស្រាយបញ្ហាពាណិជ្ជករចិនក្លែងបន្លំទំនិញដែលនាំចេញពីកម្ពុជាទៅលក់នៅសហរដ្ឋអាមេរិក។

អ្នក​អត្ថាធិប្បាយ​នយោបាយ​ លោក គឹម សុខ ​បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា​ថា ក្រៅ​ពី​នេះ​ សហរដ្ឋអាមេរិក​ក៏​ទំនង​ធុញទ្រាន់​នឹង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត​ ដែល​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រួសារ​ត្រកូល​ហ៊ុន ក្នុង​ជំនួញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ ​លោក​បញ្ជាក់​ថា ​ប្រសិន​បើ​កម្ពុជា​មិន​​កែ​លម្អ​​បញ្ហា​ប្រជាធិបតេយ្យ និង​បញ្ហា​ពាណិជ្ជកម្ម​កខ្វក់​ទេ​នោះ ​ទោះ​ជា​ទៅ​ចរចា​ប៉ុន្មាន​លើក​ទៀត​ក៏​មិន​ទទួល​បាន​លទ្ធផល​ដែរ។​​​​

ចំណុច​ដែល​សហរដ្ឋអាមេរិក​ធុញទ្រាន់​បំផុត​នឹង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត​ ត្រង់​ថា​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​នេះ​ កាន់​តែ​សន្យា​ធ្វើ​កំណែ​ទម្រង់​ កម្ពុជា​កាន់​តែ​លង់​វិបត្តិ​គ្រប់​វិស័យ​។ ឥឡូវ​គណបក្ស​ប្រជាជន​កម្ពុជា​​ក្លាយ​ទៅ​ជា​ស្ថាប័ន​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​ទៅ​ហើយ​។

—  លោក គឹម សុខ

ការ​លើក​ឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​អះអាង​ថា ការចរចា​បដិការ​​ពាណិជ្ជកម្ម​ជុំ​ទី​២​​ជា​មួយ​អាមេរិក​ ដែល​ដឹក​នាំ​ដោយ​ឧបនាយក​រដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល និង​អ្នក​ស្រី ចម និម្មល​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម កាល​ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​៥​មិថុនា បាន​ដំណើរ​ការ​ដោយ​រលូន​។

​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៧​មិថុនា​ថា ភាគី​ទាំងពីរ​បាន​បន្ត​ពិភាក្សា​គ្នា​អំពី​សេចក្ដី​ព្រាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ ដោយ​ឈរ​លើ​ស្មារតី​យោគយល់​គ្នា​ខ្ពស់ និង​បាន​ឈាន​ទៅ​រក​ការ​ឯកភាព​គ្នា​លើ​បញ្ញត្តិ​ជា​ច្រើន។ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា មាន​អ្វី​ខ្លះ​នោះ​ទេ ហើយ​ភាគី​ទាំង​ពីរ​នឹង​​ជួប​ចរចា​​គ្នា​ជុំ​ទី​៣នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​​បន្ត​ទៀត​ក្នុង​ពេល​ឆាប់​ខាង​មុខ​។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់​ត្រាល់ លោក ឃុន ថារ៉ូ ​មាន​ប្រសាសន៍​ថា ការ​ចរចា​បញ្ហា​ពន្ធ​ជា​មួយ​អាមេរិក​លើក​ទី​២​នេះ​មិន​ទទួល​បាន​ផ្លែផ្កា​អ្វី​នោះ​ទេ​។ លោក​បញ្ជាក់​ថា រឿង​នេះ​ដោយសារ​តែ​​សហរដ្ឋអាមេរិក​បាន​បង្ហាញ​​ក្ដី​កង្វល់​អំពី​ការ​ឆបោក​តាម​​អ៊ីនធឺណិត ការ​ជួញដូរ​មនុស្ស ការ​លាង​លុយ​កខ្វក់​ បញ្ហា​ប្រជាធិបតេយ្យ​ និង​ការ​លាង​ជម្រះ​អំពី​ការ​ធ្វើ​អាជីវកម្ម​កខ្វក់​ជា​មួយ​សហរដ្ឋអាមេរិក​។

អ៊ីចឹង​ លក្ខខណ្ឌ​ទាំង​អស់​នេះ ​វា​នៅ​តែ​ជា​បញ្ហា​អត្ថិភាព​ដែល​ទាមទារ​​ឱ្យ​មាន​វិធានការ​ជាក់លាក់​ ហើយ​ត្រូវ​មាន​ក្របខ័ណ្ឌ​មួយ​ដែល​ជឿ​ទុក​ចិត្ត​បាន​ពីសំណាក់​​រដ្ឋបាល​សហរដ្ឋអាមេរិក​ ជា​ពិសេស​នៅ​ក្នុង​ក្របខ័ណ្ឌ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​​​ដែល​យូ​អេស​ធីអរ​(USTR)នេះ​​ វា​ជា​ភ្នាក់ងារ​មួយ​សំខាន់​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​ការ​​វាយតម្លៃ​នៅ​ក្នុង​ស្ថានភាព​ជាក់ស្ដែង​ សម្រាប់​ប្រទេស​នីមួយៗ​ដែល​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក។

—  លោក ឃុន ថារ៉ូ

​រដ្ឋាភិបាល​លោក ដូណាល់ ត្រាំ (Donald Trump) បាន​ប្រកាស​ដាក់​ពន្ធ​លើ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា និង​ប្រទេស​លើ​ពិភព​លោក​ជាង​៧០​ប្រទេស​ផ្សេង​ទៀត។ ប៉ុន្តែ​លោក ដូណាល់ ត្រាំ បាន​ប្រកាស​ជាថ្មី ទុក​ពេល​៩០​ថ្ងៃ​ឱ្យ​ប្រទេស​ទាំង​នោះ​ចរចា ដោយ​ទុក​ឱ្យ​អនុវត្ត​ពន្ធ​ត្រឹម​តែ​១០​%​សិន។

កាល​ពី​ថ្ងៃ​ទី​១៣​ដល់​១៥​ខែ​ឧសភា​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​បរាជ័យ​ម្ដង​ហើយ​ក្នុង​ចរចា​បញ្ហា​ពន្ធ​ជុំ​ទី​១​ជាមួយ​តំណាង​សហរដ្ឋអាមេរិក​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ ភាគី​ទាំង​ពីរ​បាន​ត្រឹមតែ​ជជែក​គ្នា​ត្រង់​ទៅ​ត្រង់​មក​លើ​ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពិភាក្សា​​សេចក្ដី​ព្រាង​កិច្ចព្រៀង​ពាណិជ្ជកម្ម​បដិការ​។

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា កម្ពុជា​គួរតែ​កែលម្អបញ្ហា​តាម​ការ​ស្នើ​សុំ​របស់​អាមេរិក​ ដើម្បី​បាន​បន្ធូរបន្ថយ​ពន្ធ​ ដែល​​ជា​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​៕​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។