កម្ពុជាថាពុំមានការកដទ័ពតែជាការកែសម្រួលកម្លាំងទ័ពដើម្បីបញ្ចៀសការបង្ហូរឈាមទ្រង់ទ្រាយធំ

ក្រសួងការពារជាតិបានលើកឡើងថា កម្ពុជាបានកែសម្រួលកម្លាំងកងទ័ពស្ថិតនៅតំបន់ជម្លោះនៃដែនដីរបស់ខ្លួន ឱ្យត្រឡប់ទៅតំបន់សមស្រប ប៉ុន្តែមិនមែនជាការដកទ័ពនោះទេ។ ការសម្រេចកែសម្រួលកម្លាំងទ័ពនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំមួយរវាងមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាជាមួយថៃ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​ទី​០៩​ខែ​មិថុនា​ថា កម្ពុជា​ពុំ​បាន​ដក​ទ័ព​ចេញ​ពី​ដែន​អធិបតេយ្យភាព ដែល​បាន​កាន់កាប់​ជាយូរ​មក​ហើយ​នោះ​ទេ ប៉ុន្តែ​ជា​ការ​រៀបចំ​កម្លាំង​កងទ័ព រាប់​ទាំង​ការ​ឈរ​ជើង ការ​ពង្រាយ ការ​ចល័ត និង​ការ​កែសម្រួល​កម្លាំង​កងទ័ព។

ក្រសួង​ការពារ​ជាតិ​បន្ត​ថា កងទ័ព​កម្ពុជា​គាំទ្រ​ការ​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្ដិវិធី ក្នុង​នោះ​ការ​ចរចា​វាស់វែង​ខណ្ឌសីមា​និង​បោះ​បង្គោះ​ព្រំដែន​នៅ​សេសសល់ និង​ការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (IJC) ប៉ុន្តែ​ក៏​ត្រៀម​ខ្លួន​ការពារ​បូរណភាព​ទឹកដី និង​ប្រឆាំង​រាល់​ការ​ប៉ុនប៉ង​ឈ្លានពាន​ពី​ទ័ព​ថៃ​ដែរ។

ការ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​នេះ​ធ្វើ​ឡើង ក្រោយ​ពេល​បណ្ដា​សារព័ត៌មាន​ថៃ​បាន​លើកឡើង​ថា កងទ័ព​ខ្មែរ​និង​ថៃ​បាន​ព្រមព្រៀង​ដក​ទ័ព​ចេញ​ពី​តំបន់​ជម្លោះ ក្រោយ​ពី​មាន​ជំនួប​រវាង​លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង​កងទ័ព​ជើង​គោក​កម្ពុជា ជាមួយ​លោក​ឧត្ដមសេនីយ៍ទោ សោមភូប ផារ៉ាវ៉េត (Somphop Parawej) មេ​បញ្ជាការ​កង​កម្លាំង​សុរៈណារី ដែល​តំណាង​ឱ្យ​កងទ័ព​ជើង​គោក​ថៃ។

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ថៃ​លោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) ក៏​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ដើម្បី​អរគុណ​ភាគី​រដ្ឋាភិបាល និង​កងទ័ព​ជួរ​មុខ​របស់​កម្ពុជា ដែល​បាន​ចូលរួម​ជជែក​គ្នា បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ព្រំដែន។ លោក​បញ្ជាក់​ថា កងទ័ព​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​ដក​ត្រឡប់​ទៅ​ទីតាំង​ដើម ដែល​ត្រូវ​បាន​ព្រមព្រៀង​គ្នា​ដូច​កាល​ពី​ឆ្នាំ​២០២៤។

បើ​ទោះ​ជា​ភាគីថៃ​លើកឡើង​ដូច្នេះ​ក្ដី ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន បាន​បញ្ជាក់​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​០៩ ខែ​មិថុនា​ថា កម្ពុជា​បាន​កែសម្រួល​ការ​ឈរ​ជើង​របស់​កងទ័ព​នៅ​តំបន់​ជម្លោះ ដែល​មាន​ការ​ស្រុះស្រួល​គ្នា​នៃ​មេបញ្ជាការ​កងទ័ព​ប្រទេស​ទាំង​ពីរ ដើម្បី​បញ្ចៀស​ការ​ប៉ះទង្គិច​បង្ហូរ​ឈាម​ទ្រង់ទ្រាយ​ធំ និង​មិន​មែន​ជា​ការ​ដកទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា​នោះ​ទេ។

តំបន់​ព្រំដែន​កម្ពុជា​និង​ថៃ​ឡើង​កម្ដៅ​ខ្លាំង បន្ទាប់​ពី​កងទ័ព​ថៃ​បាន​លួច​ឆ្មក់​បាញ់​ប្រហារ​នៅ​តំបន់មុំបី​បណ្ដាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ឈ្មោះ សួន រ៉ោន បាន​ស្លាប់​កាល​ពី​ព្រឹក ថ្ងៃ​ទី​២៨​ខែ​ឧសភា។

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ​ជាមួយ​ថៃ​នៅ​ថ្ងៃ​ទី​១៤​មិថុនា ប៉ុន្តែ​នឹង​មិន​ពិភាក្សា​ជុំវិញ​តំបន់​ជម្លោះ​ព្រំដែន​រសើប​ទាំង​៤ គឺ​ប្រាសាទតាមាន់តូច ប្រាសាទ​តាមាន់ធំ ប្រាសាទតាក្របី និង​តំបន់​មុំបី​ឡើយ ដោយសារ​កម្ពុជា​បាន​សម្រេច​យក​តំបន់​ទាំង​៤នេះ ត្រៀម​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

ចំណែក​លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ជំហរ​ចុង​ក្រោយ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៩ ខែមិថុនា រដ្ឋាភិបាល​នៅ​តែ​បន្ត​សហការ​ជាមួយ​ប្រទេស​ថៃ ដើម្បី​វាស់វែង​ខណ្ឌសីមា​និង​បោះ​បង្គោះ​ព្រំដែន​នៅ​សេសសល់ ដោយ​ប្រើប្រាស់​យន្តការ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) ដែល​បាន​មក​ពី​អនុស្សរណៈយោគយល់​គ្នា​ឆ្នាំ​២០០០ និង​ការ​ប្រើប្រាស់​យន្តការ​អន្តរជាតិ ដូច​ជា​ករណី​ប្រាសាទ​តាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និង​តំបន់​មុំបី ដែល​កម្ពុជា​នឹង​បញ្ជូន​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។