មេបញ្ជាការកងទ័ពជើងគោកកម្ពុជាលោក ម៉ៅ សុផាន់ បានទៅជួបចរចាជាមួយមេបញ្ជាការកងទ័ពជើងគោកថៃលោក ប៉ាណា ក្លែវផ្លូតធុ (Pana Klaewplodthuk) នៅការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជានិងថៃ ច្រកព្រំដែនចុងចមនិងអូស្មាច់ នៅរសៀលថ្ងៃទី២៩ ខែឧសភា។
បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ស្ដីពីលទ្ធផលជំនួបនេះថា កងទ័ពប្រទេសទាំងពីរបានឯកភាពគ្នា និងទទួលយកចំណុចចំនួន៤ គឺទី១ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជាគណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជានិងថៃ (GBC) និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជានិងថៃ ដើម្បីឱ្យព្រំដែនប្រទេសទាំងពីរ មានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ទី២ កងទ័ពទាំងពីរ បន្តរក្សាភាពអត់ធ្មត់ និងដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ ដែលនឹងប្រព្រឹត្តិឡើងក្នុង២ឬ៣សប្ដាហ៍ខាងមុខនេះ។ ទី៣ ភាគីកម្ពុជាបានស្នើឱ្យមានការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីគ្នាទៅវិញទៅមក ធ្វើយ៉ាងណាកុំឱ្យមានការប៉ះទង្គិចគ្នាម្ដងទៀត និងទី៤ កងទ័ពកម្ពុជានឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅចំណុចដែលប៉ះទង្គិចគ្នាឡើយ ព្រោះទីតាំងនោះ កងទ័ពកម្ពុជាបានឈរជើងតាំងពីមុនចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០។
ផ្ទុយពីការអះអាងនេះ កងទ័ពជើងគោកថៃបានលើកឡើងនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា កងទ័ពប្រទេសទាំងពីរបានព្រមព្រៀងដកកងទ័ពចេញពីតំបន់ប៉ះទង្គិចគ្នា ដើម្បីរង់ចាំលទ្ធផលនៃការដោះស្រាយតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ។ កងទ័ពជើងគោកថៃបញ្ជាក់ថា នឹងបន្តត្រៀមកម្លាំងដើម្បីរក្សាសន្ដិភាពនិងស្ថិរភាពនៅព្រំដែន។
នៅមុនជំនួបនេះ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានថ្លែងសារពិសេសថា កម្ពុជាគ្មានចង់បានអ្វី ក្រៅពីចង់ឱ្យសភាពការណ៍នៅតំបន់មុំបី វិលទៅរកចំណុចដើម និងកុំឱ្យសភាពការណ៍តានតឹងនេះ រីករាលដាលទៅទូទាំងតំបន់ព្រំដែននៃប្រទេសទាំងពីរ ហើយចង់ឱ្យប្រទេសទាំងពីរបន្តរក្សាកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ដូចជាពាណិជ្ជកម្ម ការទូត និងយោធា។
សុំឱ្យសភាពការណ៍ វាកើតត្រឹមតែនៅមុំបីនុ៎ង ហើយវិលត្រឡប់ទៅសភាពការណ៍ មុនម៉ោង៥កន្លះព្រឹកថ្ងៃទី២៨ (មុនការផ្ទុះអាវុធ) តែប៉ុណ្ណឹង វាគ្រប់គ្រាន់ហើយ។
— លោក ហ៊ុន សែន
អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានយល់ឃើញថា ភាគីកម្ពុជាត្រូវតែធ្វើកំណត់ទូតទាមទារឱ្យប្រទេសថៃ ចេញសុំទោសកម្ពុជាជាសាធារណៈ ចំពោះហេតុការណ៍ទាហានរបស់ខ្លួនលួចឆ្មក់បាញ់សម្លាប់ទាហានខ្មែរ ហើយថៃត្រូវបណ្ដេញទាហានជាជនដៃដល់ ចេញពីក្របខ័ណ្ឌកងទ័ព និងត្រូវដាក់ពន្ធនាគារទៅតាមផ្លូវច្បាប់។
គួរតែធ្វើអ៊ីចឹង មិនមែនគ្រាន់តែចរចាគ្នាហើយ បញ្ចប់រឿងត្រឹមហ្នឹងនោះទេ គឺត្រូវឱ្យថៃសុំទោសរឿងហ្នឹង។
— លោក អ៊ុំ សំអាន
ក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា ព្រឹន្ទបាលឯកឈ្មោះ សួន រ៉ោន អាយុ៤៨ឆ្នាំ បានស្លាប់ដោយសារទាហានថៃបានបើកការបាញ់ប្រហារមុន មកលើលេណដ្ឋានរបស់ទាហានកម្ពុជា នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប៉ុន្តែភាគីទាហានថៃវិញ អះអាងថា ទាហានខ្មែរជាអ្នកបើកការបាញ់ប្រហារមុន ទើបធ្វើឱ្យទាហានខ្លួនត្រូវបាញ់តបតទៅវិញ។
ក្រោយហេតុការណ៍ផ្ទុះអាវុធនេះ កម្ពុជានិងថៃ បានចល័តទ័ពនិងបញ្ជូនអាវុធទៅព្រំដែនរៀងៗខ្លួន។ ជុំវិញបញ្ហានេះលោក ហ៊ុន សែន បានបញ្ជាក់ថា ការបញ្ជូនទ័ពនិងសព្វាវុធទៅព្រំដែន ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងការវាយលុកឈ្លានពានជាយថាហេតុពីប្រទេសថៃ ខណៈលោកបញ្ជាក់ថា កន្លែងផ្ទុះអាវុធដែលបានបណ្ដាលឱ្យទាហានខ្មែរម្នាក់ស្លាប់នោះ គឺជាទឹកដីរបស់កម្ពុជា។
លោកបន្តថា កម្ពុជាក៏បានត្រៀមបើកប្រតិបត្តិការ ដែលលោកហៅថា «សំណាញ់មេឃ» ដើម្បីបាញ់ទម្លាក់យន្តហោះចម្បាំងថៃ ប្រសិនបើបើកចូលឈ្លានពានដែនអាកាសរបស់កម្ពុជា។ ការលើកឡើងនេះ ខណៈកងទ័ពជើងអាកាសថៃបានប្រកាសត្រៀមខ្លួនរួចរាល់ ក្នុងការប្រើប្រាស់យន្តហោះចម្បាំង ដើម្បីបើកប្រតិបត្តិការវាយប្រហារកម្ទេចទីតាំងលើដី បន្ទាប់ពីមានករណីផ្ទុះអាវុធរវាងទាហានខ្មែរនិងថៃកាលពីថ្ងៃទី២៨ ឧសភា។
ទោះជាយ៉ាងណា សម្រាប់ក្រុមអ្នកឃ្លាំមើល និងអ្នកនយោបាយប្រឆាំងបានយល់ឃើញថា កម្ពុជាគួរតែដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ហើយការបន្តចរចាទ្វេភាគី គ្រាន់តែជាការចិញ្ចឹមជម្លោះនេះឱ្យកាន់តែយូរ និងធ្វើឱ្យថៃបន្តឈ្លានពានកម្ពុជា ហើយទាហានខ្មែរបន្តពលីបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។