សាច់ញាតិម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់វិទ្យុអាស៊ីសេរីថា បច្ចុប្បន្ន ពិធីបុណ្យសពឱ្យលោក សួន រោន កំពុងធ្វើឡើងនៅក្នុងបន្ទាយទាហានកងពលលេខ៩។
ទាហានខ្មែរនិងថៃ បានបើកការបាញ់ប្រហារគ្នាក្នុងរយៈពេលខ្លី ស្ថិតនៅក្នុងតំបន់ជម្លោះតាមព្រំដែននៅថ្ងៃពុធនេះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AP និងបណ្ដាញសារព័ត៌មានរបស់ថៃ។
សេចក្ដីថ្លែងការណ៍ពីភាគីថៃបានលើកឡើងថា ទាហានខ្មែរបានចូលទៅក្នុងតំបន់ព្រំដែនមានជម្លោះ ហើយទាហានរបស់ខ្លួនបានចូលទៅចរចានិងហាមឃាត់ ប៉ុន្តែទាហានខ្មែរបានបើកការបាញ់ប្រហារ ដែលបណ្ដាលឱ្យទាហានថៃត្រូវបាញ់តបតការពារខ្លួនទៅវិញ។
ទោះជាយ៉ាងណា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជាលោក ម៉ៅ ផល្លា បាននិយាយថា ទាហានថៃបានបើកការបាញ់ប្រហារ នៅពេលទាហានខ្មែរកំពុងដើរល្បាតតាមទម្លាប់នៅតាមព្រំដែន។ ក្រោយប៉ះទង្គិចគ្នាអស់រយៈពេល១០នាទី មេបញ្ជាការកងទ័ពប្រចាំតំបន់ប្រទេសទាំងពីរបានជួបនិយាយគ្នាតាមទូរសព្ទដើម្បីបញ្ជាឱ្យមានបទឈប់បាញ់គ្នាសិន។
ភាគីថៃថា ពុំមានទាហានរបស់ខ្លួនណាម្នាក់ស្លាប់ក្នុងហេតុការណ៍ប្រយុទ្ធគ្នានេះទេ។ រដ្ឋមន្ត្រីការពារជាតិថៃលោក ភូមិថាំ វេឆាយ៉ាឆៃ(Phumtham Wechayachai) បាននិយាយថា ភាពតានតឹងត្រូវបានដោះស្រាយ ហើយបញ្ជាក់ថា កងទ័ពប្រទេសទាំងពីរ គ្មានចេតនាចង់បាញ់ប្រហារគ្នានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។