សហភាពអឺរ៉ុបថា កម្ពុជាពុំបានស្ដារស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ

សហភាពអឺរ៉ុបសង្កេតឃើញថា នៅក្នុងឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជានៅតែបន្តរឹតត្បិតសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ដែលធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យបន្តស្ថិតក្នុងក្ដីព្រួយបារម្ភដដែល។ សង្គមស៊ីវិលថា រដ្ឋាភិបាលកម្ពុជា អាចរកឱកាសបើកទីផ្សារបន្ថែម ប្រសិនដោះស្រាយក្ដីកង្វល់របស់សហភាពអឺរ៉ុប។

នៅ​ថ្ងៃ​ទី​២២​ឧសភា សហភាព​អឺរ៉ុប​បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភពលោក សម្រាប់​២០២៤ ដោយ​ក្នុង​នោះ​សហភាព​អឺរ៉ុប​បាន​លើកឡើង​ថា ប្រទេស​កម្ពុជា ចាប់​តាំង​ពី​លោក ហ៊ុន មាណែត បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី មិន​បាន​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ល្អ​ប្រសើរ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ ខុស​ពី​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន ឡើយ។

សហភាព​អឺរ៉ុប​ក៏​បាន​រំឭក​ថា ការ​សម្រេច​កាត់​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ២០% តាំង​ពី​ឆ្នាំ២០២០ ដោយសារ​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ និង​ជា​លក្ខណៈ​ប្រព័ន្ធ គឺ​នៅ​តែ​បន្ត​អនុវត្ត។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ មើលឃើញ​ថា សហភាព​អឺរ៉ុប​អាច​ពិចារណា​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA២០% មក​វិញ ប្រសិន​បើ​កម្ពុជា​បង្ហាញ​ឱ្យ​ឃើញ​ពី​ឆន្ទៈ​ពិតប្រាកដ ក្នុង​ការ​ងាក​ទៅ​គោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ។

ខ្ញុំ​គិត​ថា លក្ខខណ្ឌ​នេះ វា​ទាមទារ​ឱ្យ​អាជ្ញាធរ​រដ្ឋ ត្រូវ​មាន​វិធានការ​ឆ្លើយតប​យ៉ាងណា ដើម្បី​អាច​ជឿ​ទុក​ចិត្ត​បាន ដើម្បី​ស្វែងរក​ឱកាស​ក្នុង​ការ​ធ្វើ​កិច្ចការ​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​សេដ្ឋកិច្ច និង​ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា ឱ្យ​បាន​ប្រសើរ​ឡើង​។

—  លោក ឃុន ថារ៉ូ

នៅ​ក្នុង​របាយការណ៍​ដដែល សហភាព​អឺរ៉ុប​បាន​បន្ត​ថា កត្តា​ធ្វើ​ឱ្យ​សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ នៅ​តែ​ជា​បញ្ហា​ដ៏​ធំ​មួយ ដោយសារ​អ្នក​នយោបាយ​ជំទាស់ អ្នក​ការពារ​សិទ្ធិ​មនុស្ស អ្នក​សារព័ត៌មាន និង​សកម្មជន​ដីធ្លី​ជាដើម នៅ​តែ​ទទួល​រង​ការ​យាយី ការ​បំភិតបំភ័យ និង​អំពើ​ហិង្សា​តាម​គ្រប់​រូបភាព ក្នុង​នោះ រួម​ទាំង​ករណី​យាយី​លើ​អង្គការ​សង់ត្រាល់​ជាដើម។

សហភាព​អឺរ៉ុប បាន​លើកឡើង​ពី​ការ​កាត់ទោស​លើ​សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ​ទាំង​១០នាក់ ការ​ចាប់​ខ្លួន​តាម​ទំនើង​ចិត្ត​លើ​អ្នក​រិះគន់​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម យ៉ាងហោច​ណាស់​៩៤​នាក់ ការ​ចាប់​បញ្ជូន​អ្នក​នយោបាយ​ប្រឆាំង​៦​នាក់​ពី​ប្រទេស​ថៃ​មក​ឃុំ​ខ្លួន​នៅ​កម្ពុជា រួម​ទាំង​ការ​ចោទប្រកាន់​លើ​អ្នក​សារព័ត៌មាន​៤៦​នាក់ និង​ករណី​បាញ់​សម្លាប់​អ្នក​សារព័ត៌មាន​រាយការណ៍​ពី​បទល្មើស​ព្រៃឈើ​លោក ឈឿង ឈឹង កាល​ពី​ចុង​ឆ្នាំ​២០២៤។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា យល់​ឃើញ​ថា កម្ពុជា​កំពុង​ដឹកនាំ​ដោយ​គ្រួសារ​និយម និង​បក្ខពួក​និយម និង​ដើម្បី​ឱ្យ​ងាក​ទៅ​គោរព​តាម​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស សហរដ្ឋ​អឺរ៉ុប​គួរ​រក​វិធី​ដាក់​សម្ពាធ​ផ្សេង ក្រៅ​ពី​ការ​កាត់​បន្ថយ​ប្រព័ន្ធ​អនុគ្រោះពន្ធ​២០%។

ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​មាន​រយៈពេល​យូរ​មក​ហើយ គឺ​តាំង​ពី​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ក្នុង​ឆ្នាំ​២០១៧ មក​ដល់​បច្ចុប្បន្ន​នេះ។ អ៊ីចឹង ខ្ញុំ​ទទូច​ឱ្យ​សហភាព​អឺរ៉ុប​ពិនិត្យ​មើល​ឡើងវិញ តើ​វិធានការ​អ្វី ដែល​អាច​មាន​ការ​កែប្រែ​ពី​ការ​រំលោភបំពាន​ទាំង​អស់​ហ្នឹង ឱ្យ​មក​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។

—  លោក ស៊ឹង សែនករុណា

ទោះជាយ៉ាងណា សហភាព​អឺរ៉ុប​បញ្ជាក់​ថា ក្នុង​ផែនការ​សកម្មភាព​ស្ដីពី​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ឆ្នាំ​២០២០​ដល់​ឆ្នាំ​២០២៧ សហភាព​អឺរ៉ុប​នៅ​តែ​បន្ត​ផ្តោត​សំខាន់​លើ​ការ​ការពារ​និង​លើកកម្ពស់​សិទ្ធិ​មនុស្ស​និង​នយោបាយ ជាពិសេស​នឹង​បន្ត​តាម​ឃ្លាំមើល​សវនាការ​លើ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស សកម្មជន​នយោបាយ និង​អ្នក​នយោបាយ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។