កងទ័ពកម្ពុជាចងសម្ពន្ធភាពជាមួយកងទ័ពវៀតណាម ខណៈមានជម្លោះព្រំដែនជាមួយថៃ

មេទ័ពកម្ពុជាបានចុះហត្ថលេខាចងសម្ពន្ធមេត្រីភាពជាមួយមេទ័ពវៀតណាម ស្របពេលដែលកម្ពុជាកំពុងមានជម្លោះតានតឹងជាមួយថៃ។ អ្នកឃ្លាំមើលបានលើកឡើងថា នេះជាយុទ្ធសាស្ត្រដើម្បីកំញើញដល់ភាគីថៃថា កម្ពុជាមានសម្ពន្ធមិត្តរឹងមាំជាខ្នងបង្អែក។

ហ្វេសប៊ុក​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២២​ខែ​មិថុនា​ថា មេបញ្ជាការ​កងពលតូច​លេខ​៧០​ លោក ហែម ថា បាន​ទៅ​ចូលរួម​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ចង​មេត្រីភាព​ជា​មួយ​មេបញ្ជាការ​កង​ពល​ធំ​ថ្មើរជើង​លេខ​៣០១របស់​វៀតណាម ​នៅ​ទីក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​២០​ខែ​មិថុនា។ ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ​ការ​ចុះ​ហត្ថលេខា​នេះ​ គឺ​ដើម្បី​រឹតចំណង​សាមគ្គីភាព មេត្រីភាព និង​កិច្ចប្រតិបត្តិការ​ទ្វេភាគី​បន្ថែម​ទៀត​រវាង​មេទ័ព​ប្រទេស​ទាំង​ពីរ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ អ្នក​ស្រី ម៉ាលី សុជាតា ដើម្បី​សាកសួរ​អំពី​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៣​ខែ​មិថុនា។

អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ ​បាន​មាន​ប្រសាសន៍​ថា ​ការ​ចង​សម្ពន្ធ​មេត្រីភាព​របស់​​មេទ័ព​កម្ពុជា​និង​វៀតណាម​នេះ គឺជា​យុទ្ធសាស្ត្រ​ដើម្បី​កំញើញ​ដល់​ភាគី​ថៃ​ផង និង​ជា​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​វៀតណាម ដែល​អាច​ដើរ​តួនាទី​ជា​អ្នក​ផ្សះផ្សា​បញ្ចប់​វិវាទ​កម្ពុជា​និង​ថៃ​បាន ប្រសិន​បើ​ថៃ​ត្រូវ​ការ​​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ បង្ហាញ​ថា​ខ្លួន​មាន​សម្ពន្ធមិត្ត​ចាំ​ជួយ​ ដើម្បី​សញ្ញា​ទៅ​ខាង​ភាគី​ថៃ​​ថា កុំ​ឱ្យ​ព្រហើន​ពេក​។​ អត់​មាន​ចំណេញ​អី​ដល់​កម្ពុជា​ទេ កម្ពុជា​ខាង​គ្រប់​ច្រក​ទាំង​អស់​។ ​ក៏​ប៉ុន្តែ​ចំណេញ​ដល់​វៀតណាម​មែនទែន​ ទី​មួយ​វៀតណាម​បាន​មុខ​មាត់​នៅ​ក្នុង​ផ្ទៃ​អាស៊ាន​ ​ជា​អ្នក​ដោះស្រាយ​បញ្ហា​ដែល​កើត​ឡើង​នៅ​ក្នុង​តំបន់​អាស៊ាន​។​ ទី​២​វៀតណាម​បាន​ចំណេញ​ពី​ការ​លូក​ដៃ​របស់​ខ្លួន​ដើម្បី​បង្ហាញ​ពិភព​លោក​ថា កម្ពុជា​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ នៅ​ក្រោម​ឥទ្ធិពល​ការ​សម្រេច​ចិត្ត​របស់​វៀតណាម​។

—  លោក គឹម សុខ

​​​​​​ទោះ​ជា​យ៉ាង​ណា​ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ​បាន​យល់​ឃើញ​ថា ​យុទ្ធសាស្ត្រ​ទំនាស់​ជា​មួយ​​ប្រទេស​ភាគ​ខាង​លិច​ ហើយ​រត់​ពឹង​មិត្ត​ខាងកើត​ក្នុង​ស្ថានភាព​បែប​នេះ គឺ​មិន​មែន​​ជា​រឿង​​ល្អ​សម្រាប់​កម្ពុជា​ឡើយ​។ ផ្ទុយ​ទៅ​វិញ​លោក​ថា ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ដើរ​គន្លង​​មេ​ដឹក​នាំ​ចាស់​ដែល​ប្រទេស​​ប្រឈម​នឹង​ការ​បាត់បង់​ទឹក​ដី​ទៅ​វៀតណាម​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​។

នៅ​ពេល​ដែល​មាន​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ប្រាកដ​ជា​វៀតណាម​មក​ជួយ​ហើយ​ ជួយ​​​តាម​លក្ខណៈ​សម្ងាត់ឬ​ជា​ចំហ​អ៊ីចឹង។ យើង​មិន​ដឹង​គេ​ជួយ​តាម​វិធី​ណា​ទេ​​។ កាល​ណា​យើង​ពឹង​វៀតណាម​ជួយ​ ដូច​ឆ្នាំ​១០៧៩​។ អ៊ីចឹង​ឃើញ​ទេ​ កាល​ណា​វៀតណាម​ជួយ​រំដោះ​ លោក ហ៊ុន សែន​ គាត់​ធ្វើ​សន្ធិសញ្ញា​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​នៅ​ឆ្នាំ​១៩៨២​ហ្នឹង​​ កាត់​កោះត្រល់​ កោះ​ក្រចក​សេះ​ឱ្យ​ទៅ​វៀតណាម ហើយ​នឹង​ដែន​សមុទ្រ​៣០​ពាន់​គីឡូម៉ែត្រ​ការ៉េ ​ឱ្យ​ទៅ​វៀតណាម​ហើយ​ដាក់​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​យក​សមុទ្រ​ខ្មែរ​ដាក់​រួម​ជា​មួយ​វៀតណាម​១០​ពាន់​គីឡូម៉ែត្រ​ការ៉េ​។ ហើយ​ ឆ្នាំ​១៩៨៣​និង​១៩៨៥​គាត់​ធ្វើ​សន្ធិសញ្ញា​​ស្ដី​ពី​ព្រំដែន​គោក​កាត់​ដែន​គោក​របស់​យើង​ទៅ​ឱ្យ​វៀតណាម។

—  លោក អ៊ុំ សំអាន

ជា​រឿយៗ​មេ​ដឹក​នាំ​កំពូលៗ​របស់​កម្ពុជា​​តែង​តែ​បណ្ដាក់​គ្នា​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ជាតិ​សំខាន់ៗ​របស់​វៀតណាម ដោយ​ពួកគេ​​បាន​អះអាង​ថា ដើម្បី​លើក​កម្ពស់​មិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ​។ ​

កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ​ ប្រធាន​ព្រឹទ្ធសភា​ លោក ហ៊ុន សែន​ បាន​ដឹក​នាំ​ប្រតិភូ​កម្ពុជា​ចូល​រួម​ក្នុង​ពិធីខួបទី៥០ ឆ្នាំ​នៃ​ការ​បង្រួបបង្រួម​ជាតិ​វៀតណាម​ ដើម្បី​រឹតចំណង​ភាពជា​អ្នក​ជិត​ខាង​ល្អ​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត។

ប៉ុន្តែ​អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ​មេដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា​ធ្វើ​បែប​នេះ​ គឺ​ដោយសារ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន បាន​កាន់​អំណាច​ដឹកនាំ​ប្រទេស​តាម​រយៈ​វៀតណាម​លើក​បន្តុប​ ដូច្នេះ​កម្ពុជា​ត្រូវ​ដឹងគុណ​ និង​ពឹង​ពាក់​វៀតណាម​ក្នុង​គ្រា​មាន​អាសន្ន​។ ពួកគេ​​ចង់​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​ជា​មួយ​ថៃ​តាម​យន្តការ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ប្រសើរ​ជាង​ទៅ​ពឹង​ពាក់​ប្រទេស​ជិត​ខាង​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។