រដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ជំហររបស់ខ្លួនថា កម្ពុជាបានសម្រេចបញ្ជូនសំណុំរឿងនៅតំបន់រសើបទាំង៤ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ដូច្នេះ បញ្ហានៅតំបន់ទាំង៤នេះ នឹងមិនដាក់បញ្ចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី១៤មិថុនានោះទេ។
សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាចុះនៅយប់ទី៤ ខែមិថុនា ជាឆ្លើយតបទៅភាគីថៃ ស្របពេលរដ្ឋាភិបាលកម្ពុជាសង្ឃឹមថា ភាគីថៃនឹងចូលរួមសហការជាមួយកម្ពុជា ដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងស្មារតីយុត្តិធម៌ កសាងទំនុកចិត្ត ជាអ្នកជិតខាងល្អ និងជាមិត្តភាពយូរអង្វែង ខណៈភាគីចង់ដោះស្រាយដោយទ្វេភាគី។
រដ្ឋាភិបាលថៃបានចេញសេចក្ដីថ្លែងការណ៍នៅព្រឹកថ្ងៃទី៤មិថុនាថា ប្រទេសថៃខ្លួននៅតែបន្តប្ដេជ្ញាចិត្ត ដោះស្រាយបញ្ហាព្រំដែន តាមរយៈការចរចាទ្វេភាគី ដែលជាយន្តការមានស្រាប់ គឺគណៈកម្មការព្រំដែនចម្រុះ (JBC) ដែលបានបង្កើតឡើងក្រោមអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ដើម្បីកំណត់ពីខ្សែបន្ទាត់ព្រំដែន។
ការចេញសេចក្ដីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីថៃគឺលោក ជីរ៉ាយុ ហួងសាប់ (Jirayu Houngsub) បានប្រាប់អ្នកសារព័ត៌មានថា ស្ថាប័នពាក់ព័ន្ធទាំងអស់របស់រដ្ឋាភិបាល រួមទាំងក្រុមកងទ័ពផង បានបើកកិច្ចប្រជុំស្ដីពីស្ថានភាពជម្លោះព្រំដែនជាមួយកម្ពុជា និងបន្ទាប់ពីរដ្ឋាភិបាលខ្មែរប្រកាសនឹងបញ្ជូនសំណុំរឿងព្រំដែនទៅភាគីទី៣ គឺតុលាការយុត្តិធម៌អន្តរជាតិ។
បន្ថែមពីនេះ រដ្ឋាភិបាលថៃក៏បានប្រកាសថា តំណាងរបស់ខ្លួននឹងមកចូលរួមកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ ដើម្បីចរចារឿងព្រំដែន ខណៈនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានប្រកាសថា នឹងប្រើកិច្ចប្រជុំនេះ ដើម្បីបបួលប្រទេសថៃ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ជុំវិញបញ្ហានេះ អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ុ សំអាន បានលើកឡើងថា រដ្ឋាភិបាលថៃហាក់កំពុងលែងល្បិចមិនចង់ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ពីព្រោះថៃមានចំណុចខ្សោយជាងកម្ពុជា។ លោកបន្តថា ថៃបានប្រើប្រាស់ផែនទីគូសដោយខ្លួនឯងខ្នាត១លើ៥០ពាន់ ខណៈកម្ពុជាប្រើប្រាស់ផែនទីខ្នាត១លើ២០០ពាន់ ដែលបានមកពីសន្ធិសញ្ញាបារាំងនិងសៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ និងត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
ដោយសារមូលហេតុខ្លួនប្រើប្រាស់ផែនទីក្លែងក្លាយ និងគូសដោយខ្លួនហ្នឹងហើយ ទើបថៃមិនចង់ឡើងទៅតុលាការអន្តរជាតិ ហើយចង់លួងលោមបន្តចរចាទ្វេភាគីជាមួយកម្ពុជា ដើម្បីកេងចំណេញលើកម្ពុជា។
— លោក អ៊ុំ សំអាន
នៅក្នុងសមាជរដ្ឋសភានិងព្រឹទ្ធសភា កាលពីថ្ងៃទី២មិថុនា ទាំងឪនិងកូនគឺប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានឹងនៅតែបន្តប្ដឹងករណីជម្លោះនៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ បើទោះជាភាគីរដ្ឋាភិបាលថៃ មិនព្រមទទួលយកការបបួលពីកម្ពុជា ដើម្បីប្ដឹងទៅតុលាការអន្តរជាតិរបស់អង្គការសហប្រជាជាតិក្ដី។
អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូលោក គឹម សុខ បានយល់ឃើញថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាប្រែក្រឡាស់ មិនប្ដឹងប្រទេសថៃទៅតុលាការអន្តរជាតិ គឺមានន័យថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត កំពុងធ្វើនយោបាយបោកបញ្ឆោតរាស្ដ្រខ្មែរ ធ្វើជាល្បែងជួយស្រោចស្រង់រដ្ឋាភិបាលត្រកូលថាក់ស៊ីន ឱ្យរួចផុតពីការគាបសង្កត់របស់ក្រុមយោធា។
មានន័យថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ប្រកាសប្ដឹងទៅ ដើម្បីទុកហេតុផលឱ្យលោក ថាក់ស៊ីន ប្រាប់ទៅកងទ័ពថៃ ថាមានតែរដ្ឋាភិបាលគ្រួសារ «ថាក់ស៊ីន» ទេ ដែលអាចនិយាយជាមួយរដ្ឋាភិបាលត្រកូល «ហ៊ុន» កុំឱ្យប្ដឹងករណីព្រំដែនទៅតុលាការអន្តរជាតិបាន។ ហើយបើដករដ្ឋាភិបាលគ្រួសារ «ថាក់ស៊ីន» ចេញពីអំណាច នោះរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងប្ដឹងថៃទៅតុលាការអន្តរជាតិហើយ។
— លោក គឹម សុខ
ក្រោយពីកម្ពុជាប្ដេជ្ញាបញ្ជូនសំណុំរឿងព្រំដែនទៅតុលាការអន្តរជាតិមក កងទ័ពថៃបានប្រកាសត្រៀមខ្លួនចេញប្រយុទ្ធដើម្បីការពារទឹកដី ក្នុងនោះ កងទ័ពមួយចំនួន បានបង្ហាញការលំហាត់សមយុទ្ធ នៅក្នុងខេត្តកាន់ច័ន្ទបុរី (Kanchanburi) និងខេត្ត លុបបុរី (Lopburi) ដើម្បីត្រៀមមកជួយប្រយុទ្ធគាំទ្រកងទ័ពភូមិភាគទី២ ដែលកំពុងដាក់ពង្រាយនៅតាមព្រំដែនជាមួយកម្ពុជា ខណៈកម្ពុជាក៏បញ្ជូនកងទ័ព និងអាវុធទៅព្រំដែនមានជម្លោះដែរ។
អ្នកឃ្លាំមើលនិងមន្ត្រីបក្សប្រឆាំង ជំរុញទៅរដ្ឋាភិបាលគួរតែបញ្ចូលទាំងសំណុំរឿងកោះគជ់ និងជម្លោះដែនសមុទ្រត្រួតស៊ីគ្នា ដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិដែរ ពីព្រោះការចរចាទ្វេភាគី នឹងធ្វើឱ្យខ្មែរប្រឈម បាត់បង់ទឹកដីបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។