អ្នកប្រជាធិបតេយ្យស្វែងរកកិច្ចអន្តរាគមន៍ពីអឺរ៉ុបឱ្យបន្ថែមសម្ពាធលើរដ្ឋាភិបាលត្រកូលហ៊ុន

ក្រុមអ្នកប្រជាធិបតេយ្យបានជួបសហភាពអឺរ៉ុបសុំឱ្យដាក់សម្ពាធលើរដ្ឋាភិបាលដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញ។ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ក្រុមការងារប្រឹក្សាជាតិតស៊ូ និងក្រុមចលនាសង្គ្រោះជាតិប្រចាំប្រទេសបារាំង បានជួបសមាជិកសភាអឺរ៉ុប គណៈកម្មការអឺរ៉ុប និងអ្នកធ្វើការផ្នែកមូលនិធិសេរីភាព រយៈពេលពីរថ្ងៃគឺថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមេសា ដើម្បី ជជែកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

អ្នកនាំពាក្យ​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ លោក គឹម សុខ បាន​ប្រាប់​វិទ្យុអាស៊ីសេរី​ថា ក្រុម​របស់​លោក​បាន​ប្រាប់​ទៅ​ភាគី​សហភាព​អឺរ៉ុប​ថា នៅ​ពេល​នេះ ពលរដ្ឋ​ខ្មែរ​មិន​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​បាន​ពេញលេញ​ឡើយ។ លោក​បន្ត​ថា ទាល់​តែ​សហភាព​អឺរ៉ុប​ដាក់​គំនាប​ខ្លាំង​ទៅ​លើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទើប​រដ្ឋាភិបាល ងាក​មក​គោរព​សិទ្ធិមនុស្ស ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។

ពីព្រោះ​កាល​ណា ​មានប្រជាធិបតេយ្យ មាន​គណបក្ស​ប្រឆាំង។ EBA ក៏​គេ​ឱ្យ​ទាំង​ដុំ​១០០% GSP​របស់​សហរដ្ឋ​អាមេរិក តាម​ខ្ញុំ​ដឹង​មក ក៏​គេ​ពិចារណា​ឱ្យ ហើយ​មុខមាត់​របស់​កម្ពុជា​កាន់​តែ​ថ្លៃថ្នូរ ហើយ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ។

—  លោក គឹម សុខ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​០១ ខែ​ឧសភា បាន​ចោទប្រកាន់​ថា អ្នកស្រី មូរ សុខហួរ និង​លោក គឹម សុខ មិន​បាន​ធ្វើ​អ្វី​ជួយ​ពលរដ្ឋ​ឡើយ ប៉ុន្តែ​តែងតែ​ទៅ​ប្ដឹង​សហគមន៍​អន្តរជាតិ​ឱ្យ​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ។

ប្រជាជន​កំពុង​មាន​ការ​លំបាក ទៅ​ដើរ​អំពាវនាវ​ឱ្យ​គេ​ដាក់​សម្ពាធ​បន្ថែម។ អាមេរិក​ដាក់​មិន​ទាន់​គ្រប់​ទេ ទៅ​រំឭក​អឺរ៉ុប​កុំភ្លេច​ដាក់​ថែម​ទៀត។

—  លោក ហ៊ុន ម៉ាណែត

ឆ្លើយតប​ការ​ចោទប្រកាន់​នេះ លោក គឹម សុខា ថា អ្វី​ដែល​ក្រុម​លោក​បាន​ធ្វើ​ដើម្បី​ជួយ​ជាតិ ជួយ​ពលរដ្ឋ និង​ចង់​ឃើញ​រដ្ឋាភិបាល​ដើរ​លើ​ផ្លូវ​គោរព​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា សហភាព​អឺរ៉ុប​ប្ដេជ្ញា ជំរុញ​ឱ្យ​មាន​ការ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

សូមលោកអ្នកនាងរង់ចាំទស្សនារឿងនេះជាវីដេអូ នាពេលឆាប់ៗនេះ!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។