សេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភានៅថ្ងៃទី២៨មេសាបញ្ជាក់ថា នៅក្នុងឱកាសនោះ លោក ហ៊ុន សែន នឹងឆ្លៀតជួបពិភាក្សាជាមួយបណ្ដាមេដឹកនាំកំពូលៗវៀតណាម រួមមានប្រធានបក្សកុម្មុយនិស្ដវៀតណាមលោក តូ លឹម ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាច់មិន និងនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ រួមទាំងបណ្ដាមេដឹកនាំបរទេសមួយចំនួនទៀត។
ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ដែលស្ថិតក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជាទៅកាន់ប្រទេសវៀតណាម ដើម្បីបង្ហាញពីការរឹតចំណងនិងលើកកម្ពស់មិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឈ្នះៗ ឱ្យកាន់តែរីកចម្រើន ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
ជុំវិញបញ្ហានេះ អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា កម្ពុជាបានរួមចំណែកជួយឱ្យវៀតណាមទទួលបានឯករាជ្យ និងរួបរួមគ្នា។ លោកបន្តថា សម្ដេចព្រះបាទ នរោត្តម សីហនុ បានអនុញ្ញាតឱ្យកងទ័ពព្រៃយៀកកុង ប្រើប្រាស់ទឹកដីដើម្បីច្បាំងជាមួយអាមេរិក និងកងទ័ពវៀតណាមខាងត្បូង រួមទាំងអនុញ្ញាតឱ្យដឹកជញ្ជូនសព្វាវុធពីចិនឆ្លងកាត់កម្ពុជាទៅឱ្យកងទ័ពវៀតណាមខាងជើង។ លោកបន្ថែមថា ដូច្នេះ វៀតណាមត្រូវតែដឹងគុណកម្ពុជា ហើយធ្វើស្ដូបដឹងគុណខ្មែរនៅគ្រប់ខេត្តរបស់វៀតណាម ដូចវៀតណាមតម្រូវឱ្យខ្មែរធ្វើស្ដូបដឹងគុណវៀតណាមនៅទូទាំងប្រទេសដែរ។
អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ហេនរី ឃីសស៊ីងជឺរ (Henry Kissinger) ធ្លាប់បានលើកឡើងថា អាមេរិកបានទម្លាក់គ្រាប់បែកនៅភាគខាងកើតប្រទេសកម្ពុជាប្រមាណ៥សែនតោន នៅចន្លោះឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៣ ដើម្បីកម្ចាត់ក្រុមកងទ័ពយៀកកុង ដែលបានចូលមកខាងក្នុងទឹកដីកម្ពុជា និងមិនមែនជាការទម្លាក់គ្រាប់វាយប្រហារលើប្រទេសកម្ពុជានោះទេ។ នេះបើតាមការចុះផ្សាយពីបណ្ដាញសារព័ត៌មានអង់គ្លេស BBC។
អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូលោក គឹម សុខ បានលើកឡើងថា ការធ្វើដំណើររបស់លោក ហ៊ុន សែន ទៅចូលរួមខួបបង្រួបបង្រួមជាតិវៀតណាម ប្រៀបបានដូចជាការបង្ហាញការប្រឆាំងសហរដ្ឋអាមេរិក ដែលធ្លាប់ធ្វើសង្គ្រាមជាមួយកងទ័ពយៀកកុង។
ការទៅរំឭកខួបបង្រួបបង្រួមវៀតណាម ដោយលោក ហ៊ុន សែន នេះ មានន័យស្នើនឹងលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាប្រឆាំងទៅសហរដ្ឋអាមេរិកជាប្រវត្តិសាស្ដ្រតែម្ដង។
— លោក គឹម សុខ
ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានចុះផ្សាយថា វៀតណាមបានអញ្ជើញក្រុមកងទ័ពពីប្រទេសកម្ពុជា ឡាវ និងចិន ដើម្បីចូលរួមដើរព្យុហយាត្រា អបអរខួបនៃថ្ងៃបង្រួបបង្រួមជាតិវៀតណាមនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។