បើទោះជាជំនួបរវាងលោក ហ៊ុន សែន ជាមួយសមាជិកព្រឹទ្ធសភាបក្សប្រឆាំងបង្ហាញភាពផ្អែមល្ហែមក្ដី ប៉ុន្តែមេបក្សកាន់អំណាចរូបនេះ នៅតែមិនព្រមផ្ដល់សេរីភាពដល់សកម្មជនបក្សប្រឆាំងដែលជាប់ឃុំឡើយ។ លោក ហ៊ុន សែន បានត្រឹមយល់ព្រមឱ្យគណបក្សឆន្ទៈខ្មែរដាក់លិខិតសុំចូលសួរសុខទុក្ខ អ្នកជាប់ឃុំទាំងនោះនៅក្នុងពន្ធនគា។
សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ លោក គង់ មូនីកា បានឱ្យវិទ្យុអាស៊ីសេរីដឹងថា នេះជាលើកទី២ហើយដែលសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ បានស្នើទៅប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ឱ្យដោះលែងសកម្មជនបក្សប្រឆាំងបក្សប្រឆាំង។ ប៉ុន្តែ លោកថា លោក ហ៊ុន សែន មិនបានផ្ដល់ចម្លើយវិជ្ជមានឡើយ។
លោកបានឱ្យដឹងដែរថា ភាគីគណបក្សឆន្ទៈខ្មែរ ក៏បានស្នើទៅលោក ហ៊ុន សែន ឱ្យជួយសម្របសម្រួលទៅអាជ្ញាធរពាក់ព័ន្ធ អនុញ្ញាតគណបក្សឆន្ទៈខ្មែរអាចជួបសួរសុខទុក្ខថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួនដែលកំពុងជាប់ពន្ធនាគារ។ លោក គង់ មូនីកា អះអាងថា លោក ហ៊ុន សែន បានប្រាប់ឱ្យគណបក្សរបស់លោកឱ្យដាក់លិខិតម្ដងទៀត ដោយមិនមានអ្វីធ្វើឱ្យគណបក្សនេះមិនអាចចូលសួរសុខទុក្ខអ្នកជាប់ឃុំឡើយ។
ដោយឡែកចំពោះរឿងសហរដ្ឋអាមេរិកប្រកាសដំឡើងពន្ធលើទំនិញកម្ពុជា ភាគីគណបក្សឆន្ទៈខ្មែរ បានបង្ហាញក្ដីបារម្ភរឿងនេះដែរ។ លោក គង់ មូនីកា អះអាងថា លោក ហ៊ុន សែន ទទួលស្គាល់ថា ករណីនេះកម្ពុជានឹងរងផលប៉ះពាល់ខ្លះ ប៉ុន្តែស្ថិតក្នុងរយៈពេល៩០ថ្ងៃ នៃការចរចានេះ គឺត្រូវរង់ចាំមើល ហើយរដ្ឋាភិបាលក៏បានត្រៀមខ្លួនដោះស្រាយបញ្ហានេះដែរ។
លោក ហ៊ុន សែន បានជជែកគ្នាជាមួយមេដឹកនាំគណបក្សឆន្ទៈខ្មែរ គឺលោក សុក ហាច លោក សេង ម៉ារឌី និងលោក គង់ មូនីកា នៅវិមានព្រឹទ្ធសភា ថ្ងៃទី២៨ ខែមេសា។ នេះជាជំនួបប្រចាំឆ្នាំលើកទី២ នៃគណបក្សដែលមានសំឡេងនៅព្រឹទ្ធសភា។
យើងបន្តដំណើរជាមួយគ្នា នៅក្នុងព្រឹទ្ធសភាពហុបក្ស ក្រោមម្លប់នៃសន្តិភាព និងស្ថិរភាពនយោបាយ។
— លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក
នៅក្នុងសំណេរដ៏វែងអន្លាយនេះ គ្មានឃ្លាមួយណាដែលបញ្ជាក់ថា លោក ហ៊ុន សែន មានចេតនា ដោះស្រាយវិបត្តិនយោបាយឡើយ។ ប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរបានបង្កើនការចាប់សកម្មជនបក្សប្រឆាំងស្ទើររាល់ថ្ងៃដែលនៅពេលនេះមានអ្នកទោសមនសិការជាង៧០នាក់ហើយកំពុងជាប់ឃុំ។
អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ លោក គឹម សុខ យល់ថា លោក ហ៊ុន សែន គ្មានបំណងចង់ដោះស្រាយវិបត្តិនយោបាយឡើយ ប៉ុន្តែលោក ហ៊ុន សែន ត្រឹមយករូបភាពនៃជំនួបនេះទៅបោកប្រាស់សហគមន៍អន្តរជាតិ។
លោក ហ៊ុន សែន ឆ្លើយចោលទាំងអស់ គឺលោក ហ៊ុន សែន គ្មានគោលដៅសម្រួលស្ថានការណ៍ឱ្យប្រសើរឡើងឡើយ។
— លោក គឹម សុខ
អ្នកឃ្លាំមើលនយោបាយជំរុញទៅលោក ហ៊ុន សែន គួរបង្កបរិយាកាសល្អ រួមទាំងបើកលម្ហសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ នៅក្នុងរយៈពេល៩០ថ្ងៃនៃការចរចាសុំឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយការយកពន្ធលើទំនិញកម្ពុជាចំនួន៤៩ភាគរយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។