រដ្ឋសភាបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្នហើយ នៅថ្ងៃទី១០ មេសានេះ តាមការចង់បានរបស់មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ទោះបីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សំដែងក្តីបារម្ភថា ច្បាប់នេះនឹងអាចត្រូវរដ្ឋាភិបាលប្រើប្រាស់ដើម្បីគាបសង្កត់សិទ្ធិរបស់ពលរដ្ឋក៏ដោយ។ គណបក្សសង្គ្រោះជាតិថា ច្បាប់នេះនឹងជួយពង្រឹងអំណាចផ្ដាច់ការរបស់លោក ហ៊ុន សែន កាន់តែខ្លាំងថែមទៀត។
រដ្ឋសភាឯកបក្សបានប្រើពេលត្រឹម ១ម៉ោង ដើម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ដែលមាន ៥ជំពូក ចែកជា ១២មាត្រា។
រដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដែលជាអ្នកមានស្នាដៃកែច្បាប់រំលាយបក្សប្រឆាំងនោះ បានឡើងការពារសេចក្តីព្រាងច្បាប់នេះថា ច្បាប់នេះធ្វើឡើងដើម្បីអនុវត្តមាត្រា២២ ថ្មី នៃរដ្ឋធម្មនុញ្ញ ឬក៏ថាដើម្បីផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងប្រទេសនៅពេលព្រះមហាក្សត្រប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។
សមាជិកសភាចំនួន៣ រូប រួមមាន លោក ឈាង វុន លោក សេរី កុសល និងលោក ទី សុគន្ធ បានឡើងបញ្ចេញយោបល់ចំពោះសេចក្តីព្រាងច្បាប់នេះ។ ទោះជាយ៉ាងណា យោបល់ទាំងនោះ មិនមែនជាការស្នើឱ្យកែលម្អលើចំណុចណាមួយនោះឡើយ ប៉ុន្តែគ្រាន់តែជាការគាំទ្រការធ្វើច្បាប់នេះ ហើយនិងការទាត់ចោលមតិរិះគន់ទាំងឡាយលើការធ្វើច្បាប់នេះប៉ុណ្ណោះ។
សមាជិកសភាចំនួន ១១៥នាក់ ដែលមានវត្តមាន បាននាំគ្នាលើកដៃអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះទាំងអស់គ្នា ដោយគ្មាននរណាស្នើសុំឱ្យកែប្រែខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះឡើយ។
អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់អាស៊ីសេរីថា រដ្ឋសភាពិនិត្យឃើញថាច្បាប់ នេះមិនបានផ្ដល់អំណាចច្រើនលើសលប់ដល់រដ្ឋាភិបាលដូចការលើកឡើងនោះឡើយ ព្រោះរដ្ឋាភិបាលត្រូវរាយការណ៍ជូនសភាជាប់ជាប្រចាំនៅពេលគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន៖ «ក្នុងវិធានការនីមួយៗ អត់មានអ្វីថា លើសលស់ប៉ុន្មានទេ។ អ៊ីចឹងអ្នកដែលថា ច្បាប់នេះវាតឹងជ្រុលហួសហ្នឹង គឺមិនត្រឹមត្រូវទេ។ វិធានការដែលចែងនៅក្នុងហ្នឹង គឺវាសមរម្យ សមល្មមហើយ»។
នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នេះ តំណាងរាស្ត្រភាគច្រើនបាននាំគ្នាពាក់ម៉ាស់ការពារសុវត្ថិភាព ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែប្រកាន់ជំហរដាច់ខាតរបស់លោក គឺមិនព្រមពាក់ម៉ាស់ឡើយ។ ចំណែក ក្រុមមន្ត្រីក្រសួងយុត្តិធម៌ដែលទៅការពារសេចក្តីព្រាងច្បាប់នេះ ក៏គ្មានអ្នកណាពាក់ម៉ាស់ដែរ ពោលគឺពួកគេបង់កក្រម៉ាតាមលោក ហ៊ុន សែន ដែរ។
លោក ឡេង ប៉េងឡុង បញ្ជាក់ថា រដ្ឋសភាលើកទឹកចិត្តឱ្យតំណាងរាស្ត្រគ្រប់រូបពាក់ម៉ាស់ ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩។ លោកថា ក្នុងន័យនេះ រដ្ឋសភាបានចែកម៉ាស់ឱ្យគ្រប់តំណាងរាស្ត្រ និងមន្ត្រីទាំងឡាយដែលមានវត្តមាននៅក្នុងអង្គប្រជុំ ក៏ប៉ុន្តែត្រង់អ្នកណាពាក់ ឬមិនពាក់ គឺជាសិទ្ធិរបស់ពួកគេ។
ជុំវិញការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ននេះ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងថា លោកគ្មានអ្វីភ្ញាក់ផ្អើលនោះទេ ព្រោះលោកថា រដ្ឋសភាជាស្ថាប័នដែលចាំតែប្រថាប់ត្រាឱ្យលោក ហ៊ុន សែន ប៉ុណ្ណោះ។ លោកនៅតែយល់ឃើញថា លោក ហ៊ុន សែន ធ្វើច្បាប់នេះដើម្បីទុកប្រើនៅពេលអំណាចរបស់គាត់រងការគំរាមកំហែងដោយប្រការណាមួយ៖ «គាត់នឹងប្រើប្រាស់ច្បាប់នេះ គឺនៅពេលណា អ្នកណាដែលហ៊ានប្រឆាំងនឹងការផ្ទេរអំណាចរបស់គាត់ទៅឱ្យកូនគាត់ អាហ្នឹងគឺគាត់យកច្បាប់ហ្នឹងមកប្រើ ប៉ុន្តែនៅក្នុងស្ថានភាពឥលូវនេះ គឺគាត់គ្រាន់តែយកឱកាសធ្វើច្បាប់ហ្នឹងតែប៉ុណ្ណឹងទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីពេលថ្មីៗនេះថា លទ្ធភាពដាក់ប្រទេសក្នុងភាពអាសន្នអំឡុងវិបត្តិកូវីដ-១៩ មានមិនដល់១% នោះឡើយ ប៉ុន្តែលោកថា ច្បាប់នេះនឹងទុកប្រើនៅពេលស្ថានការណ៍ស្រុកទេសគ្រប់គ្រងលែងបាន។ ទោះជាយ៉ាងណា លោក ហ៊ុន សែន បានសារភាពថា ទោះជាគ្មានច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្នក៏ដោយ ក៏លោកធ្លាប់បានប្រើកងកម្លាំងប្រដាប់អាវុធដើម្បីបង្ក្រាបការប្រមូលផ្តុំ ឬការតវ៉ារបស់ពលរដ្ឋរួចទៅហើយដែរ៖ «លើការជាក់ស្ដែង ពូបណ្ដោយឱ្យធ្វើបាតុកម្មជិតមួយឆ្នាំនៅភ្នំពេញ សូមអញ្ជើញធ្វើទៅ កុំតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។ ដល់ពេលវាពង្រីកទ្រង់ទ្រាយរហូតឈានដល់ការផ្តួលរលំ អត់ចាំបាច់ច្បាប់គ្នាមានអាសន្នទេ ប៉ោងខោរត់ខ្ទេច។ អាមេៗ រត់ទៅដេកកន្លែងយូមែន រ៉ៃត៍ (Human Rights) នៅក្បែរវត្តលង្កា ម៉ោង ៣ ទូរស័ព្ទឱ្យគេទិញភីហ្សាយកមកស៊ី។ កុំចង់ពេក តែដល់ម៉ោង គេដាក់ហើយ មិនចាំបាច់ប្រកាសច្បាប់ទេ។ តែដល់ម៉ោង និយាយគ្នាមិនស្ដាប់ហើយ ដាក់ភូស រត់ព្រាត»។
អ្នកជំនាញច្បាប់ និងជាអ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា តាមពិតប្រទេសកម្ពុជា ស្ថិតក្នុងភាពអាសន្នយូរណាស់មកហើយ ពោលគឺតាំងពីពេលដែល លោក ហ៊ុន សែន បានបញ្ជូនកម្លាំងទៅបំបែក និងសម្លាប់បាតុករគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៣មកម្ល៉េះ។ លោកថា ចាប់តាំងពីពេលនោះមកកម្ពុជា បានផ្អាកការគោរពសិទ្ធិមនុស្សមួយចំនួនរួចមកហើយ ហើយការប្រើប្រាស់អំណាចនោះ គឺហួសពីព្រំដែន កំណត់ក្នុងរដ្ឋធម្មនុញ្ញទៅទៀតផង៖ «ច្បាប់នេះ គឺបើខ្ញុំប្រៀបធៀប ដឹងយ៉ាងម៉េចទេ ? គឺដូចជា ដែលគេហៅថាធ្វើឱ្យស្របច្បាប់ នូវសកម្មភាព ឬទង្វើ ឬវិធានការដែលរដ្ឋាភិបាល បានចាត់ជាបណ្តើរៗ មានសភាពដូចជា ច្បាប់តុលាការកាលពីឆ្នាំ២០១៤។ គឺអ្វីដែលបាន ធ្វើហើយមកហ្នឹង គ្រាន់តែធ្វើជាច្បាប់ទៅឱ្យវាស្របច្បាប់តែប៉ុណ្ណឹងទេ។ នេះគឺទូទៅទេ»។
បណ្ឌិត ឡៅ ម៉ុងហៃ បន្ត នៅពេលដែលច្បាប់នេះ ត្រូវយកទៅអនុវត្ត កម្ពុជានឹងជួបនូវ ភាពស្មុគស្មាញខ្លាំង ព្រោះច្បាប់នេះបង្កើតឡើងដោយច្របូកច្របល់ដោយគ្មានការចែក ច្បាស់លាស់ រវាងករណីអាសន្នផ្នែកសុខាភិបាលសាធារណៈ ករណីសណ្ដាប់ធ្នាប់សាធារណៈ ករណីសង្គ្រាម ឬករណីគ្រោះអាសន្នអន្តរជាតិផ្សេងៗទៀត៖ «យើងនេះគឺយកករណីទូទៅទាំងអស់ គឺសង្គ្រាមក៏អ៊ីចឹង សណ្ដាប់ធ្នាប់សាធារណៈក៏អីចឹង រឿងសុខាភិបាលក៏អ៊ីចឹងទៅ។ ម្ល៉ោះហើយគឺការអនុវត្ត វាពិបាក»។
រីឯអ្នកវិភាគនយោបាយ លោក គឹម សុខ ថាលោក ហ៊ុន សែនបង្កើតច្បាប់នេះឡើង ព្រោះតែលោកកំពុងតែស្ថិតក្នុងភាពអាសន្នខ្លួនឯងដោយសារមិនបានការពារជំងឺកូវីដ១៩ទាន់ពេល។ ម្យ៉ាងវិញទៀត លោកថា លោក ហ៊ុន សែន ចង់យកច្បាប់នេះទៅទប់ទល់នឹងការតវ៉ា របស់ពលរដ្ឋដែលបាត់ជំនឿលើរូបលោក និងដើម្បីយកទៅអនុវត្ត ទាំងនៅពេលជួបវិបត្តិជំងឺកូវីដ១៩ និងនៅក្រោយវិបត្តិនេះ៖ «ក្រោយពេលដែលអត់កូវីដទៅក៏ដោយ ប្រទេសកម្ពុជាក៏មិនមែន អត់បញ្ហាដែរ គឺបញ្ហាចម្រុះតែម្ដង។ យើងឧទាហរណ៍ថា បញ្ហាសេដ្ឋកិច្ច ដោះស្រាយដោយវិធីណា ? រដ្ឋអត់មានលុយក្នុងការរៀបផែនការទេ។ ផែនការមកដល់ឥឡូវ ច្របល់ៗស្លន់ៗ ហើយក្រោយកូវីដ១៩ ទីផ្សាររបស់កម្ពុជា ក៏អត់ច្បាស់លាស់ទៅទៀត ទីផ្សារអឺរ៉ុប។ សេដ្ឋកិច្ចកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន ស្ថិតក្នុងសេដ្ឋកិច្ច ខ្ចីដង្ហើមគេដកហ្នឹង។ អត់មានអ្វីជារបស់ខ្លួនទេ អត់មានផលិតកម្មរបស់ខ្លួនទេ។ អ៊ីចឹង ការស្តារសេដ្ឋកិច្ចឡើងវិញ មិនងាយទេ។ បើការស្តារសេដ្ឋកិច្ចឡើងវិញមិនងាយ បានន័យថា ការងារក៏មិនងាយដែរ។ អ៊ីចឹង គាត់ត្រូវប្រឈមជាមួយកម្មករច្រើនរាប់ម៉ឺននាក់ណាស់ ទោះបីជាក្រោយកូវីដ១៩ក៏ដោយ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថាច្បាប់នេះនឹងជួយលោក ហ៊ុន សែន ឱ្យគ្រប់គ្រងប្រទេសតាមបែបផ្ដាច់ការយូរអង្វែងតទៅទៀត ជាពិសេស គឺវានឹងធ្វើឱ្យការដឹកនាំបែបផ្ដាច់ការរបស់គាត់ក្លាយជាស្របច្បាប់ និងមានលក្ខណៈផ្លូវការ។ នាយកប្រចាំតំបន់អាស៊ីនៃអង្គការនេះ លោក ប្រ៊ែដ អាដាមស៍ (Brad Adams) ថា រដ្ឋាភិបាល កំពុងប្រើប្រាស់ជំងឺរាតត្បាតសាកលកូវីដ១៩ ធ្វើជាលេស ទៅច្បាមយកអំណាចគ្រប់ទិដ្ឋភាព ទាំងអស់ក្នុងសង្គម រាប់ទាំងផ្នែកស៊ីវិល នយោបាយ សង្គម និងសេដ្ឋកិច្ច ដោយគ្មានប្រព័ន្ធត្រួតពិនិត្យត្រឹមត្រូវ។ រីឯ នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍ថា ច្បាប់នេះនឹងបង្កើនការគាបសង្កត់លើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅក្នុងប្រទេស ដែលនឹងបណ្ដាលឱ្យមានការរំលោភកាន់តែខ្លាំងលើសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជា។
នាយកការិយាល័យអគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិ Amnesty International លោក ដេវីដ គ្រីហ្វីដស៍ (David Griffiths) មានប្រសាសន៍ថា ច្បាប់ស្ដីពីការដាក់ប្រទេស ក្នុងភាពអាសន្ននេះ រំលោភសិទ្ធិមនុស្សទាំងស្រុងតែម្ដង។ លោកផ្ដល់អំណះអំណាងថា ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន មានប្រវត្តិកំណត់ត្រាសិទ្ធិមនុស្សដ៏អាក្រក់នោះ អំណាចស្នើឡើងក្នុងច្បាប់នេះ នឹងក្លាយជាវិធីដ៏ល្អឥតខ្ចោះ ធ្វើឱ្យអន្តរាយដល់ការគោរពសិទ្ធិមនុស្ស។ លោក ដេវីដ គ្រីហ្វីដស៍ គូសបញ្ជាក់ថា ដំណើរការតាក់តែងសេចក្ដីព្រាងច្បាប់នេះ ធ្វើឡើងដោយគ្មានតម្លាភាព គ្មានការពិគ្រោះយោបល់ និងគ្មាននីតិវិធីត្រឹមត្រូវ។ លោកហៅដំណើរការតាក់តែងច្បាប់យ៉ាងដូច្នេះ ថាជាការកេងប្រវ័ញ្ចដោយឥតលាក់លៀម ទៅលើភាពភ័យស្លន់ស្លោសាធារណៈជុំវិញជំងឺកូវីដ-១៩ និង ជាការគំរាមកំហែងដល់ការការពារជាមូលដ្ឋាននៃសិទ្ធិមនុស្ស ដែលត្រូវបានធានាឡើងដោយរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។លោកគូសបញ្ជាក់ថា គំនិតនៃការប្រមូលផ្តុំអំណាចក្នុងកណ្តាប់ដៃរដ្ឋាភិបាលបែបនេះ ដែលគ្មានការត្រួតពិនិត្យ បង្កឱ្យមានការព្រួយបារម្ភខ្លាំងបំផុត។
ដោយឡែក អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ថាច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ននេះ រំលោភសេរីភាពនៃការផ្តល់ព័ត៌មាន និងសេរីភាពនៃការទទួលបានព័ត៌មាន។ នាយកកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន លោក ដានីញ៉ែល បាស្តាត (Daniel Bastard) ថា ច្បាប់នេះ ក៏នឹងបង្កើតឱ្យមាននូវប្រព័ន្ធមួយនៃការតាមដានឈ្លបយកការណ៍ និង ការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេល ៣០ឆ្នាំ នៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកថា លោក ហ៊ុន សែន ក៏អាចយកច្បាប់នេះ មកប្រើប្រាស់ ដើម្បីរឹតត្បិតការជជែកដេញដោលនៅក្នុងសារព័ត៌មាន ជុំវិញលទ្ធភាពនៃការកាន់តំណែងបន្តវេនដល់កូនៗលោក និងនិន្នាការនៃការបះបោរផ្ទៃក្នុងរបស់គណបក្សកាន់អំណាច ផងដែរ។
នៅមុនការអនុម័តច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន យ៉ាងហោចណាស់ ពលរដ្ឋជិត២០រូបហើយ ត្រូវអាជ្ញាធររបបក្រុងភ្នំពេញឃាត់ និងចាប់ដាក់ពន្ធនាគារ ក្នុងនោះមាន ៤នាក់ ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ ចុងក្រោយនេះ លោក ហ៊ុន សែន បានព្រមានចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សលោក អំ សំអាត និងបានចាប់ខ្លួននិពន្ធនាយក សារព័ត៌មានអនឡានម្នាក់ឈ្មោះ សុវណ្ណ រិទ្ធី ដោយសារតែលោកបានស្រង់សម្ដីដើមរបស់ នាយករដ្ឋមន្ត្រីមកផុសបន្តលើហ្វេសប៊ុក ជុំវិញវិធានការទប់ទល់នឹងវិបត្តិជំងឺកូវីដ១៩។
ច្បាប់នេះនឹងត្រូវបញ្ជូនបន្តឱ្យទៅព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យបន្ត មុននឹងសម្រេចដាក់ឱ្យព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់ជាធរមាន។ នៅពេលចូលជាធរមាន ច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ននេះ អាចដាក់ទោសទណ្ឌអ្នកល្មើស ឬរារាំងដល់ការអនុវត្តច្បាប់នេះ ដោយត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់១០ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ១០លានរៀល។ ច្បាប់នេះកំណត់ថេរវេលានៃការដាក់ប្រទេសក្នុងភាពអាសន្ន មិនឱ្យលើសពី៣ ខែ ក៏ប៉ុន្តែអាចប្រកាសបន្តបាននៅក្នុងលក្ខខណ្ឌដូចគ្នា។ ការបញ្ចប់ស្ថានភាពអាសន្នដោយប្រការណាមួយសុទ្ធតែត្រូវឆ្លងកាត់តាមសំណើរបស់នាយករដ្ឋមន្ត្រី។
នេះមិនមែនជាលើកទីមួយទេ ដែលរបបក្រុងភ្នំពេញបានរៀបចំបង្កើតច្បាប់ចម្រូងចម្រាស បែបនេះឡើង។ នៅមុនការបោះឆ្នោត របបនេះបានរងការរិះគន់យ៉ាងចាស់ដៃ ថាបង្កើតច្បាប់ឡើង ដើម្បីសម្លាប់ប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។ របបនេះ បានបង្កើតច្បាប់ពាក់ព័ន្ធនឹងស្ថាប័នតុលាការ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់រម្លាយគណបក្សនយោបាយ និងយកអាសនៈបក្សឈ្នះឆ្នោតដែលត្រូវរម្លាយ ទៅបែងចែកឱ្យគណបក្សដទៃដែលពលរដ្ឋមិនបានបោះឆ្នោតឱ្យ។ គឺច្បាប់ទាំងនោះហើយ ដែលនាំមានការវាយតម្លៃពីសហគមន៍ជាតិ និងអន្តរជាតិថា ប្រជាធិបតេយ្យនៅកម្ពុជា បានស្លាប់បាត់ទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។