កញ្ញា នួន តឿន ដែល​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់​បញ្ជូន​មក​កម្ពុជា​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​នៅ​ក្នុង​ពន្ធនាគារ

0:00 / 0:00

សាច់ញាតិ​អះអាង​ថា ពលករ​ខ្មែរ​ម្នាក់ ដែល​អាជ្ញាធរ​ម៉ាឡេស៊ី ចាប់​បញ្ជូន​ដោយ​បង្ខំ​មក​កម្ពុជា គឺ​កញ្ញា នួន តឿន មាន​ជំងឺ​ធ្ងន់ធ្ងរ​បណ្ដាល​ឱ្យ​ប្រកាច់​ដួល​សន្លប់​នៅ​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ។ គ្រួសារ និង​មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​ដល់​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​អ្នក​ជាប់ឃុំ និង​ស្នើ​ដល់​មន្ត្រី​ពន្ធនាគារ​ឱ្យ​បញ្ជូន​នាង​ទៅ​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​នៅ​ខាង​ក្រៅ​មន្ទីរ​ឃុំឃាំង។ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​បដិសេធ​ការ​លើក​ឡើង​ថា កញ្ញា នួន តឿន ឈឺ​ធ្ងន់ នៅ​ក្នុង​ពន្ធនាគារ​នេះ។

សាច់ញាតិ​ពលករ​ខ្មែរ ដែល​អាជ្ញាធរ​ចាប់​បញ្ជូន​ពី​ប្រទេស​ម៉ាឡេស៊ី​ព្រួយ​បារម្ភ​ខ្លាច​ស្ថានភាព​ជំងឺ​របស់​កញ្ញា នួន តឿន វិវឌ្ឍ​ទៅ​រក​សភាព​ធ្ងន់ធ្ងរ។

ម្ដាយ​មីង​របស់​កញ្ញា នួន តឿន នៅ​ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ គឺ​លោកស្រី ឆេង ថុល ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ល្ងាច​ថ្ងៃ​ទី២០ ខែធ្នូ​ថា លោកស្រី​បាន​ទៅ​សួរ​សុខទុក្ខ​កញ្ញា នួន តឿន នៅ​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ (ម២) បន្ទាប់​ពី​អ្នក​ជាប់ឃុំ​ដូចគ្នា​ហៅ​ទូរស័ព្ទ​ប្រាប់​លោកស្រី​ថា កាល​ពី​ថ្ងៃ​ទី១៩ ធ្នូ កញ្ញា នួន តឿន មាន​ជំងឺ​រាគ ក្អួត បណ្ដាល​ឱ្យ​សន្លប់​ដេក​ស្ដូកស្ដឹង​នៅ​ទីនោះ។ លោកស្រី​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​អាការៈ​ជំងឺ​របស់​កញ្ញា នួន តឿន បាន​ធូរស្បើយ​ខ្លះ​ហើយ ដោយ​នៅ​ចុក​ពោះ បើ​ទោះ​បី​គ្រូពេទ្យ​នៅ​ពន្ធនាគារ​ចាក់​ថ្នាំពេទ្យ​រួច​មក​ក្ដី។ លោកស្រី ឆេង ថុល ប្រាប់​ថា លោកស្រី​អាណិត​ខ្លោចចិត្ត ពេល​ឃើញ​ក្មួយស្រី​ស្គមស្គាំង​និយាយ​មួយៗ រៀបរាប់​ពី​ទុក្ខ​លំបាក បន្ទាប់​មក​នាង​ស្នើសុំ​មន្ត្រី​ពន្ធនាគារ​ឱ្យ​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​នៅ​ខាង​ក្រៅ​មន្ទីរ​ឃុំឃាំង ដើម្បី​រក​មូលហេតុ​នៃ​ជំងឺ និង​ផ្តល់​ការ​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ។

លោកស្រី ឆេង ថុល៖«ក្មួយ​ខ្ញុំ​មាន​អាការៈ​មិន​ទាន់​ប្រសើរ​នៅ​ឡើយ​ទេ ពីព្រោះ​គាត់​នៅ​ឈឺ​នៅ​ឡើយ។ និយាយ​ទៅ គាត់​មាន​អាការៈ​យ៉ាប់​ខ្លាំង​តែ​ម្ដង ទឹកមុខ​ឡើង​ស្ងួត។ ពីមុន ខ្ញុំ​ទៅ​ជួប​គ្រាន់​បាន​សើច​បាន​អី តែ​ឥឡូវ​អត់​ទេ គឺ​ទឹកមុខ​ឡើង​ខ្មៅ។ និយាយ​ទៅ តាំង​ពី​គាត់​ចូល​ពន្ធនាគារ​នៅ​ហ្នឹង​មក គាត់​ឈឺ​រហូត​តែ​ម្ដង សឹងតែ​រាល់ ខែ។ ខ្ញុំ​ស្នើ​សុំ​ឱ្យ​សម្ដេច​ដោះ​លែង​ក្មួយ​ខ្ញុំ​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ​មក ពីព្រោះ​ក្មួយ​ខ្ញុំ​និយាយ​អត់​បាន​ដឹង​អី ណាមួយ​វា​ឈឺ​ផង»។

លោកស្រី​ឱ្យ​ដឹង​ថា​កញ្ញា នួន តឿន មិន​ដែល​មាន​ជំងឺ​ពីមុន​មក​ទេ ប៉ុន្តែឋ ក្រោយ​ពេល​នាង​ជាប់​ឃុំ​ជា​ច្រើន​ខែ​មក មាន​ជំងឺ​ច្រើន​មុខ ខណៈ​ការ​ហូប​ចុក​នៅ​ក្នុង​ពន្ធនាគារ​មិន​បាន​គ្រប់គ្រាន់ និង​គ្មាន​ជីវជាតិ​ជា​ដើម។

ឆ្លើយតប​រឿង​នេះ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក ឃៀង សុណាឌីន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កញ្ញា នួន តឿន ពុំ​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ដូច​ការ​លើក​ឡើង​នោះ​ទេ។ លោក​ថា បើ​សិន​ករណី​ជន​ជាប់​ឃុំ​រូប​នោះ មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ មន្ត្រី​ពន្ធនាគារម២ នឹង​ស្នើសុំ​គោល​ការណ៍​ពី​ព្រះរាជអាជ្ញា ដើម្បី​បញ្ជូន​ជន​នេះ​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ​ហើយ។ ប៉ុន្តែ លោក​ព្រមាន​ចាត់​វិធានការ ចំពោះ​អ្នក​ដែល​ទម្លាយ​រឿង​នេះ។

លោក ឃៀង សុណាឌីន៖«តើ​ការ​ព្យាយាម​ផ្តល់​ព័ត៌មាន​មិន​ពិត​លើស ហួសហេតុ​​នេះ រួម​ជាមួយ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នេះ​ជា​សាធារណៈ ដែល​វា​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល ព័ត៌មាន​បុគ្គល​នេះ តើ​ធ្វើ​ឡើង​ក្នុង​ចេតនា​បែប​ណា​ដែរ បើ​សិន​ជា​រឿង​នេះ​ផ្សព្វផ្សាយ​ចេញ​ជា​សាធារណៈ​មែន ក៏​ត្រូវ​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​រឿង​នេះ​ដែរ»។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ជន​ជាប់ឃុំ​បាត់បង់​តែ​សេរីភាព​ដើរ​ហើរ តែ​ពួកគាត់​មាន​សិទ្ធិ​ទទួល​បាន​ការ​ថែទាំ​ព្យាបាល​ជំងឺ​ដោយ​ស្មើភាព និង​គ្មាន​ការ​រើសអើង។ លោក​យល់​ថា បើ​សិន​គ្រូពេទ្យ​​នៅ​ក្នុង​ពន្ធនាគារ​ពុំ​មាន​លទ្ធភាព​ព្យាបាល​ជំងឺ​នោះ​ទេ មន្ត្រី​ពន្ធនាគារ​គួរតែ​អនុញ្ញាត​ឱ្យ​ជន​ជាប់​ឃុំ ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​បាន​ទៅ​ព្យាបាល​ជំងឺ​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ឱ្យ​បាន​ទាន់​ពេល ដើម្បី​កុំ​ឱ្យ​សុខភាព​កាន់តែ​ធ្ងន់ និង​ជៀស​វាង​ការ​ធ្វេសប្រហែស ធ្វើ​ឱ្យ​ប៉ះពាល់​ជីវិត​របស់​ជន​ជាប់​ឃុំ។

លោក យិន ម៉េងលី៖«នេះ​បញ្ហា​មួយ​ពាក់ព័ន្ធ​ដល់​រឿង​មនុស្សធម៌ ទោះ​គាត់​ជាប់​បទល្មើស​អ្វី​ក៏​ដោយ សំខាន់​ណាស់​គាត់​នៅ​សិទ្ធិ​ភាព​ជា​មនុស្ស​ដដែល។ អ៊ីចឹង ការ​ទទួល​ព្យាបាល​ពួក​គាត់​ត្រូវ​ប្រព្រឹត្ត​ដូច​អ្នក​ដទៃ​ទៀត​ដែរ នេះ​ជា​ន័យ​មនុស្សធម៌។ គាត់​បាត់​សិទ្ធិ​នៅ​ចំណុច​មួយ​ចំនួន គឺ​សេរីភាព​ក្នុង​ការ​ជួបជុំ​គ្រួសារ​មាន​ពេលកំណត់ អ៊ីចឹង​សិទ្ធិ​ជា​មនុស្ស​របស់​គាត់ នៅតែ​មាន​ដូច​គេ​ឯង​ដែរ»។

កញ្ញា នួន តឿន មាន​ស្រុកកំណើត​នៅ​ស្រុកបសេដ្ឋ នៅ​ខេត្តកំពង់ស្ពឺ និង​ជា​កូន​កំព្រា​ឪពុកម្ដាយ។ នាង​គឺ​ជា​ពលករ​ខ្មែរ​ធ្វើការ​ស្របច្បាប់​ជាង ១៦ឆ្នាំ នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​ចេញមុខ​គាំទ្រ​គណបក្ស​ប្រឆាំង។

កាល​ថ្ងៃ​ទី៣០ ខែកញ្ញា ប៉ូលិស​ម៉ាឡេស៊ី​បាន​ចាប់​កញ្ញា នួន តឿន និរទេស​ទៅ​កម្ពុជា តាម​សំណើ​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ។ តុលាការ​បាន​ចោទប្រកាន់​កញ្ញា អំពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង» ពាក់ព័ន្ធ​កញ្ញា​រិះគន់​ខ្លាំងៗ ជុំវិញ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​លើ​បណ្ដាញ​សង្គម។

លោក យិន ម៉េងលី បញ្ជាក់​ថា មេធាវី​សមាគម​អាដហុក គ្រោង​ទៅ​ជួប ​ពិនិត្យមើល​ស្ថានភាព​សុខភាព​របស់​កញ្ញា នួន តឿន នៅ​ក្នុង​ពន្ធនាគារ​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​អនុវត្ត​នីតិវិធី​តាមផ្លូវច្បាប់​ ដូចជា​ ការ​ដាក់​ពាក្យ​ស្នើសុំ​តុលាការ​ដោះលែង​កញ្ញា នួន តឿន ឱ្យ​បាន​នៅ​ក្រៅ​ឃុំ បើ​ទោះ​ជា​​មកដល់ពេលនេះ​ ចៅក្រម​បាន​បិទ​ការ​ស៊ើបសួរ និង​បញ្ជូន​សំណុំ​​ទៅ​ជំនុំជម្រះ​ក្ដី​​នៅ​ពេល​ខាងមុខនេះ​ក្តី។

គ្រួសារ និង​មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​ដល់​តុលាការ និង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​ដោះលែង​ពលករ​ខ្មែរ​រូប​នេះ​ឱ្យ​មាន​សេរីភាព​វិញ ពីព្រោះ​អ្វី ដែល​នាង​និយាយ​រិះគន់​មេដឹកនាំ​ក្រុងភ្នំពេញ​កន្លងមក គឺ​ជា​ការអនុវត្ត​សិទ្ធិ​បញ្ចេញមតិ​ដោយ​មិនមែន​ជា​អំពើ​ល្មើស​ច្បាប់​អ្វី​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។