ក្រសួងការបរទេសអញ្ជើញមន្ត្រីទូតបរទេសមកពន្យល់ពីជំហរកម្ពុជាដោះស្រាយបញ្ហាព្រំដែន

រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១៧ខែមិថុនាបានជួបតំណាងទូតបរទេសប្រចាំនៅកម្ពុជា ដើម្បីប្រាប់អំពីបញ្ហាតានតឹងនៅតំបន់ព្រំដែនកម្ពុជានិងថៃ ។ អ្នកឃ្លាំមើលលើកឡើងថា នីតិវិធីការទូតរបស់រដ្ឋាភិបាលនេះជារឿងល្អដើម្បីឱ្យបរទេសបានដឹងថាកម្ពុជាពុំបានឈ្លានពានទឹកដីប្រទេសថៃដូចការចោទប្រកាន់នោះទេ។

ហ្វេសប៊ុក​ក្រសួង​ការ​បរទេស​បាន​ឱ្យ​ដឹង​ថា លោក ប្រាក់ សុខុន​ បាន​ប្រាប់​អង្គទូត​បរទេស​ពី​គោល​បំណង​របស់​រដ្ឋាភិបាល​ដាក់​លិខិត​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ​ស្នើ​សុំ​ដោះស្រាយ​វិវាទ​ព្រំដែន​កម្ពុជា-ថៃ នៅ​តំបន់​ មុំបី ប្រាសាទ​តា​មាន់​តូច ប្រាសាទ​តា​មាន់​ធំ និង​ប្រាសាទ​តា​ក្របី​។ ​

ប្រមុខ​ការ​ទូត​កម្ពុជា​ បញ្ជាក់​ថា កម្ពុជា​តែង​ប្រកាន់​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ដោយ​សន្តិវិធី​តាម​ច្បាប់​អន្តរជាតិ រួម​ទាំង​ការ​ទៅ​រក​ជំនួយ​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​បញ្ចៀស​ភាព​តាន​តឹង និង​ហានិភ័យ​ដែល​ឈាន​ទៅ​ដល់​ការ​ប្រើ​កម្លាំង​យោធា។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក ជុំ សន្ទរី ដើម្បី​សាកសួរ​បន្ថែម​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៧​ខែ​មិថុនា។

​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ទី​ប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ លោក រ៉ុង ឈុន​ សាទរ ​នឹង​​នីតិវិធី​ការ​ទូត​របស់​ក្រសួង​ការ​បរទេស​នេះ​ថា ជា​រឿង​ល្អ ដើម្បី​ឱ្យ​ទូត​បរទេស​បាន​​ដឹង​អំពី​​ការ​ឃ្លាន​ពាន​របស់​កង​ទ័ព​ថៃ​មក​លើ​អធិបតេយ្យ​កម្ពុជា​ គឺ​ពុំ​មែន​កម្ពុជា​ចង់​បង្កជម្លោះ​ជា​មួយ​ប្រទេស​ជិត​ខាង​ឡើយ​។

ពីព្រោះ​យើង​ដឹង​ហើយ​ដែល​កម្ពុជា​ដាក់​ទៅ​ តុលាការ​អន្តរជាតិ​អាយ​ស៊ី​ជេ​(ICJ) ​ត្រង់​ចំណុច​ហ្នឹង​ហើយ​ជា​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ ជា​ជម្រើស​មួយ​ដ៏​ល្អ​ប្រសើរ ដែល​យើង​តវ៉ា​ទៅ​តាម​ច្បាប់​អន្តរជាតិ​។ យើង​មិន​ចង់​ឃើញ​បញ្ហា​ផ្សែង​សង្គ្រាម​ ហើយ​បើ​មាន​​​ផ្សែង​សង្គ្រាម​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ សុខ​សុវត្ថិភាព​ទាំង​សង្ខាង​។

—  លោក រ៉ុង ឈុន

​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត មានប្រសាសន៍​ថា ​​​តំណាង​ទូត​បរទេស​មាន​សារសំខាន់​ណាស់​សម្រាប់​កម្ពុជា ​​​ដើម្បី​ពន្យល់​ឱ្យ​ដឹង​ពី​គោល​បំណង​របស់​​ខ្លួន​ពាក់ព័ន្ធ​នឹង​​វិវាទ​ព្រំដែន​ជា​មួយ​ថៃ​នៅ​លើ​ឆាក​អន្តរជាតិ​។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​ខិតខំ​បន្ត​ទៀត​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​តាម​ច្បាប់​អន្តរជាតិ ដើម្បី​បញ្ចប់​ជម្លោះ​​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង។

អា​ហ្នឹង​ជា​វិធី​សាស្ត្រ​ lobby ​ឬ​ជា​វិធីសាស្ត្រ​ទាក់ទាញ​នៅ​ក្នុង​នយោបាយ​ការ​ទូត​ឱ្យ​គេ​យល់​ពី​យើង​ ជៀសវាង​ឧទាហរណ៍​ដូច​ថៃ​។​ ថៃ​គេ​បាន​ជម្រាប​អ្នក​ការ​ទូត​របស់​គេ​ដែរ​ គេ​ថា​កម្ពុជា​បំពាន​ទឹក​ដី​ព្រំដែន​របស់​គេ​។​បើ​សិន​ជា​ថៃ​គេ​ធ្វើ​អីចឹង​ហើយ​យើង​អត់​ធ្វើ​អា​ហ្នឹង​យើង​ចាញ់​ប្រៀប​នៅ​ក្នុង​នយោបាយ​ការ​ទូត​ ម្ល៉ោះ​ហើយ​កម្ពុជា​ត្រូវ​តែ​ពន្យល់​ដែរ​។ ហើយ​មិន​មែន​ពន្យល់​អ្នក​ការ​ទូត​តែ​នៅ​ទី​ក្រុង​ភ្នំពេញ​ទេ​ ប្រមុខ​ការ​ទូត​កម្ពុជា​ត្រូវ​ប្រាប់​សមាគម​អាស៊ាន​ ប្រាប់​អង្គការ​សហប្រជាជាតិ​​ថែម​ទៀត​អំពី​បំណង​ជាក់​លាក់​ដែល​កម្ពុជា​ប្ដឹង​ប្រទេស​នៅ​ក្នុង​លើ​សំណុំ​រឿង​ព្រំដែន​ហ្នឹង​។

—  ​​លោក ម៉ែន ណាត

កាល​ពី​ថ្ងៃ​ទី២៨​ឧសភា​កងទ័ព​កម្ពុជា​និង​ថៃ​បាន​ផ្ទុះ​អាវុធ​ដាក់​គ្នា​នៅ​តំបន់​ព្រំដែន​ប្រទេស​ទាំង​ពីរ​បណ្ដាល​ឱ្យ​ស្លាប់​ទាហាន​ខ្មែរ​ម្នាក់ ។​រដ្ឋាភិបាល​កម្ពុជា​ថា ​ទាហាន​ថៃ​បាន​រំលោភ​អធិបតេយ្យ​កម្ពុជា​ ហើយ​ប្រទេស​ទាំងពីរ​បាន​បញ្ជូន​កងទ័ព​និង​អាវុធ​ធន់​ធ្ងន់​ទៅ​ប្រចាំ​ការ​នៅ​តំបន់​មាន​ជម្លោះ ។ កាល​ពី​ថ្ងៃ​ទី​១៦​ខែ​មិថុនា​ កម្ពុជា​បាន​ដាក់​លិខិត​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ (ICJ)​ ​នៅ​ប្រទេស​ហូឡង់(Netherlands)​ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​បញ្ចប់​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។